តេក្វាន់ដូ៖ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានជំរុញឲ្យកីឡាករ-កីឡាការិនីរបស់ខ្លួន ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ឆ្ពោះទៅដណ្ដើមមេដាយមាសឲ្យបាន ១៥គ្រឿងក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ដើម្បីឲ្យស័ក្ដិសមការផ្ដល់ទំនុកចិត្តពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាប់បែបនេះនៅក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីចុងសប្ដាហ៍កន្លង ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃនៅទីលាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានកីឡាករ-កីឡាការិនី ១៣២នាក់មកពី ១៨ក្លិប ៦រាជធានី-ខេត្ត និង ២ក្រសួងចូលរួមប្រកួតលើ ២៣វិញ្ញាសា។ ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា កីឡាតេក្វាន់ដូ ITF ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដាក់សន្ទសន៍មេដាយមាសឲ្យបាន ១៥គ្រឿងក្នុងនាមជាម្ចាស់ផ្ទះ។ លើសពីនេះប្រភេទកីឡាដ៏មានសក្ដានុពលនេះក៏នឹងត្រូវរៀបចំការប្រកួតមុនគេ ដើម្បីបើកកការនាំមុខលើការដណ្ដើមេដាយមាសមុនគេផងដែរ។ ដូច្នេះដើម្បីឲ្យស័ក្ដិសមនឹងកិត្តិយសដែលផ្ដល់ជូនដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីត្រូវខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លា ជាមួយការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដើម្បីឆ្ពោះទៅសម្រេចគោលដៅដណ្ដើមមេដាយមាស ១៥គ្រឿងជូនជាតិក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ។
ឆ្លៀតឱកាសនោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងកីឡាករ-កីឡាការិនីដែលខិតខំលះបង់ពេលវេលា ស្មារតី កម្លាំងកាយចិត្ត ដើម្បីពង្រឹងការអភិវឌ្ឍកីឡាជំនាញមួយនេះឲ្យកាន់តែរីកចម្រើន និងមានសក្តានុពលក្នុងប្រជែងមេដាយកម្រិតពិភពលោកយកមកជូនជាតិជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ ឯកឧត្តមមានសុទិដ្ឋិនិយមថា កីឡាតេក្វាន់ដូ ITF ដែលជាកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជា នឹងអាចសម្រេចសន្ទសន៍មេដាយនៅស៊ីហ្គេមឆ្នាំ២០២៣។ ចំពោះលទ្ធផលនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិវិញ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្ដើមបានមេដាយច្រើនជាងគេសរុប ១២គ្រឿង (មាស ៦, ប្រាក់ ២ និងសំរឹទ្ធ ៤ ខណៈក្រសួងមហាផ្ទៃឈរលេខ២ ដណ្ដើមបានមេដាយសរុប ១១គ្រឿង (មាស ៥ និងប្រាក់ ៦) និងក្លិប ស.ស.យ.ក ខេត្តកំពង់ស្ពឺឈរលេខ៣ ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស៣, ប្រាក់ ២ និងសំរឹទ្ធ ១)៕
អត្ថបទ៖ លី ឈុនឡា