ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលចំពោះការបន្តផ្សាយព័ត៌មានមិនពិត និងចោទប្រកាន់របស់ភាគីថៃមកលើថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើការបដិសេធ និងគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ
២. ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ
៣. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ កងកម្លាំងរបស់កម្ពុជា ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្ត សហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕
