ខេត្តពោធិ៍សាត់៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ទាំង ៤រូប រួមមាន ឯកឧត្តម ស៊ុយ សែម ឯកឧត្តម ទី ថានី ឯកឧត្តម កែវ វីរ: និង ឯកឧត្តម រ៉ូហ្វី អ៊ូស្មាន បាននាំយកអាវក្រោះចំនួន ១១៩ឈុត មួកសុវត្ថិភាពចំនួន ៦០០មួក ម៉ាស់ការពារផ្សែងពុលចំនួន៦០០ម៉ាស់ និងកាសការពារសម្លេងចំនួន ៦០០កាស ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសអញ្ជើញទទួល សម្ភារទាំងអស់នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ទាំងអស់ ពិសេស ឯកឧត្តម ស៊ុយ សែម ដែលជានិច្ចកាលបានជួយដល់ខេត្តពោធិ៍សាត់គ្រប់ពេលវេលា ទាំងការអភិវឌ្ឍ ទាំងគ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋជួបការលំបាក និងចាស់ជរាគ្មានទីពឹងជាដើម។ ជាក់ស្ដែងថ្ងៃនេះ ឯកឧត្តម រួមជាមួយអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ទាំអស់ បានផ្តល់នូវសម្ភារដែលជាតម្រូវការចាំបាច់បំផុតសម្រាប់កងទ័ពជួរមុខ ក្នុងការប្រើប្រាស់ការពារខ្លួន ប្រយុទ្ធជាមួយខ្មាំងសត្រូវឈ្លានពានទឹកដី ស្ថិតក្នុងស្ថានភាពចំពោះមុខ។
ឯកឧត្តម អភិបាលខេត្ត បានរាយការណ៍អំពីមហិច្ឆិតារបស់កងទ័ពថៃ ដែលឈ្លានពានមកលើដីខ្មែរ បាញ់ផ្លោងកាំភ្លើងធំ បង្ហោះដ្រូន និងរាយលួសបន្លាតាមខ្សែបន្ទាត់ព្រំដែនថ្មដា ស្រុកវាលវែង ចូលមកដីកម្ពុជាដោយគ្មានអៀនខ្មាស និងវង្វេងប្រវត្តិសាស្ត្រ។ ជាក់ស្ដែងថ្មីៗនេះ ភាគីថៃមានគោលបំណងវាយដណ្ដើមយក ១៧ទីតាំងទៀត ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង ប៉ុន្តែកម្ពុជាបានរៀបចំកម្លាំងត្រៀមតាមគោលដៅរួចជាស្រេច ក្នុងការការពារទឹកដី៕





