ហ្វីលីពីនបានជម្លៀសមនុស្សរាប់សែននាក់ និងបញ្ជាក់ពីការស្លាប់យ៉ាងហោចណាស់ ៤នាក់ នៅថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) នេះ ខណៈដែលព្យុះត្រូពិកដ៏ខ្លាំង បានបក់បោកលើប្រទេសនេះ ស្របពេលដែលផលប៉ះពាល់ដោយសារឥទ្ធិពលព្យុះទីហ្វុង Ragasa នៅតែមានដដែល។
មន្ត្រីការពារជនស៊ីវិល នៅតំបន់ Bicol នៃភាគខាងត្បូងកោះ Luzon បានប្រាប់ឲ្យដឹងថា មនុស្ស ៣នាក់ បានបាត់បង់ជីវិត ខណៈដែលរបងដួលរលំ ហើយដើមឈើត្រូវបានរំលើងឫសគល់ ដោយសារព្យុះត្រូពិក Bualoi ដែលកំពុងបក់បោកទៅទិសពាយព្យ ជាមួយនឹងល្បឿន ១១០គីឡូម៉ែត្រ ក្នុង ១ម៉ោង។

អ្នកត្រូវបានជម្លៀសទាំងនោះ នៅក្នុងខេត្តមួយ បាននាំគ្នាទៅនៅក្រោមកៅអីវែងរបស់វិហារកាតូលិក ខណៈដំបូលវិហារដែលពួកគេទៅជ្រកកោន ត្រូវបានព្យុះបក់របើកអស់។ លោក Jerome Martinez វិស្វករក្រុងនៅខេត្ត Masbate នៃកោះ Luzon ភាគខាងត្បូង បានប្រាប់សារព័ត៌មានថា «នៅម៉ោងប្រហែល ៤ព្រឹក (ម៉ោងក្នុងស្រុក) ខ្យល់បានបំផ្លាញទ្វារ បង្អួច និងពិដាននៃរបស់វិហារ»។
លោកបានបន្ថែមថា៖ «នោះជាខ្យល់បក់ខ្លាំងបំផុតដែលខ្ញុំមិនធ្លាប់បានឃើញ។ មានកុមារខ្លះរងរបួសស្រាលដែលត្រូវដេរ។ ខ្ញុំគិតថា មនុស្សកាន់តែច្រើន នឹងត្រូវជម្លៀសចេញ ដោយសារតែផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ ហើយដំបូលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ ឥឡូវនេះព្យុះនេះកំពុងបិទផ្លូវថ្នល់មិនអាចធ្វើដំណើរបាន»។
នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃសុក្រនេះ មន្ត្រីការពារស៊ីវិល លោក Bernardo Alejandro បាននិយាយថា មនុស្សប្រហែល ៤០០.០០០នាក់ ត្រូវបានជម្លៀសចេញ។
ហ្វីលីពីនរងការវាយប្រហារដោយព្យុះ និងព្យុះទីហ្វុងជាមធ្យមចំនួន ២០ដង ក្នុងមួយឆ្នាំ ដែលធ្វើអោយមនុស្សរាប់លាននាក់ នៅតំបន់ងាយរងគ្រោះដោយគ្រោះមហន្តរាយ នៅតែស្ថិតក្នុងស្ថានភាពក្រីក្រជាប់ជានិច្ច។ មនុស្សរាប់ពាន់នាក់ក៏នៅតែស្ថិតក្នុងការជម្លៀសខ្លួនផងដែរ បន្ទាប់ពីព្យុះទីហ្វុង Ragasa ដែលបានបក់បោកឆ្លងកាត់ចុងភាគខាងជើងរបស់ប្រទេសនេះ ហើយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៩នាក់ស្លាប់កាលពីដើមសប្តាហ៍នេះ៕


