នគរបាល និងប្រព័ន្ធផ្សព្វផ្សាយជាតិ នៅថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) នេះ បានឲ្យដឹងថា អាកាសយានដ្ឋាន នៅប្រទេសដាណឺម៉ាក បានបិទជាបណ្តោះអាសន្នម្តងទៀត ក្រោយឃើញយានដ្រូនសង្ស័យមួយផ្សេងទៀត ដោយហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ បានចាត់ទុកឧប្បត្តិហេតុស្រដៀងគ្នា ក្នុងសប្តាហ៍នេះថា ជា «ការវាយប្រហារកូនកាត់»។
ដោយដកស្រង់សម្ដីរបស់មន្ត្រីអាកាសយានដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ DR បានរាយការណ៍ថា អាកាសយានដ្ឋាន ក្នុងទីក្រុង Aalborg នៅភាគខាងជើងនៃប្រទេសដាណឺម៉ាក ត្រូវបានបិទនៅម៉ោងប្រហែល ១១:៤០នាទីយប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២១:៤០ ម៉ោងសកល) នាថ្ងៃព្រហស្បតិ៍ ដោយសារតែយានដ្រូនត្រូវបានឃើញនៅក្នុងតំបន់នេះ។ ក្រោយមក កងកម្លាំងនគរបាល ក្នុងតំបន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X ថា ការបិទបានកើតឡើងដោយសារតែមានសកម្មភាពយានដ្រូន ដោយបន្ថែមថា ដែនអាកាស បានបើកឡើងវិញនៅម៉ោងប្រហែល ១២:៣៥ព្រឹកថ្ងៃសុក្រ។

គួរបញ្ជាក់ថា នគរបាលដាណឺម៉ាក បានឲ្យដឹងថា យានដ្រូនត្រូវបានប្រទះឃើញ នៅថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍ នៅឯអាកាសយានដ្ឋានក្នុងទីក្រុង Aalborg, Esbjerg, Sonderborg និងនៅឯមូលដ្ឋានទ័ពអាកាស Skrydstrup មុនពេលដ្រូនទាំងនោះហោះចេញដោយខ្លួនឯង ដោយគ្មានបង្កការខូចខាតអ្វី។ តែឧប្បត្តិហេតុនោះបានធ្វើឲ្យអាកាសយានដ្ឋាន Aalborg ត្រូវបិទអស់ជាច្រើនម៉ោងរួចមកហើយ ហើយអាកាសយានដ្ឋាន នៅ Copenhagen ក៏ត្រូវបង្ខំបិទនៅដើមសប្តាហ៍នេះដែរ។
ក្នុងសារជាវីដេអូមួយ នៅលើបណ្ដាញសង្គម កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយថា ប្រទេសនេះបានក្លាយជា «ជនរងគ្រោះនៃការវាយប្រហារកូនកាត់» ដោយសំដៅទៅលើទម្រង់នៃការធ្វើសង្គ្រាមមិនធម្មតា។ ហើយបើទោះបីជាអ្នកស៊ើបអង្កេត រហូតមកដល់ពេលនេះ មិនបានកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវក៏ដោយ ក៏លោកស្រី Frederiksen បានប្រាប់ថា រុស្ស៊ីគឺជា «ប្រទេសសំខាន់ដែលបង្កការគំរាមកំហែងដល់សន្តិសុខរបស់អឺរ៉ុប»៕


