រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) បានព្រមានថា អឺរ៉ុបកំពុងស្ថិតក្នុង «ការប្រណាំងប្រជែងអាវុធយានដ្រូន» ខណៈដែលដាស់តឿនឲ្យមានការប្រុងប្រយ័ត្ន អំពីអរិភាពរបស់រុស្ស៊ី។
ខណៈពេលដែលលោកបាននិយាយនៅក្នុងសភា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានចាប់ផ្តើមសមយុទ្ធរយៈពេល ៣ថ្ងៃ ដែលមានឈ្មោះថា «Red Storm Bravo» នៅក្នុងទីក្រុងកំពង់ផែភាគខាងជើងនៃទីក្រុង Hamburg ដោយមានគោលបំណងហ្វឹកហាត់ចល័តទ័ពរបស់អង្គការណាតូ (NATO) ក្នុងករណីមានជម្លោះ នៅក្នុងប្រទេសបាល់ទិក។

អាល្លឺម៉ង់ ដែលជាអ្នកគាំទ្រដ៏រឹងមាំ ចំពោះអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី បានឃើញការកើនឡើងនូវការហោះហើររបស់យានដ្រូនមិនស្គាល់អត្តសញ្ញាណលើមូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងប៉ុន្មានខែថ្មីៗនេះ។
ហើយលោក Dobrindt ដោយលើកឡើងពីការគំរាមកំហែងកូនកាត់ និង «ការឈ្លានពាន» ពីប្រទេសរុស្ស៊ីបាននិយាយថា ប្រទេសអាល្លឺម៉ង់កំពុងពង្រឹង «សមត្ថភាពប្រតិបត្តិការរបស់ខ្លួន ដោយការអភិវឌ្ឍប្រព័ន្ធការពារយានដ្រូន។ ដោយលើកឡើងពីឧប្បត្តិហេតុថ្មីៗ នៅប្រទេសប៉ូឡូញ រូម៉ានី ដាណឺម៉ាក និងន័រវែស លោកបាននិយាយថា៖ «យើងកំពុងចូលរួមក្នុងការប្រកួតប្រជែងអាវុធ រវាងការគំរាមកំហែងដែលបង្កឡើងដោយយានដ្រូន និងមធ្យោបាយ ដើម្បីប្រឆាំងពួកវា»។
លោក Dobrindt បានបញ្ជាក់បន្ថែមថា ប្រទេសអាល្លឺម៉ង់នឹងជំរុញការវិនិយោគ និងផ្លាស់ប្តូរច្បាប់សុវត្ថិភាពអាកាសចរណ៍របស់ខ្លួន ដើម្បីអាចឲ្យ «ការរកឃើញ ការការពារ និងការស្ទាក់ចាប់» យានដ្រូនប្រសើរជាងមុន។
ទីក្រុងប៊ែរឡាំងចោទរុស្ស៊ីថា បានធ្វើប្រតិបត្តិការវិឆ្ឆេទកម្ម ចារកម្ម ឃ្លាំមើល និងអស្ថិរភាព។ ប៉ុន្តែ រហូតមកដល់ពេលនេះ អាជ្ញាធរអាល្លឺម៉ង់ មានការស្ទាក់ស្ទើរក្នុងការបាញ់ទម្លាក់យានដ្រូន ដោយសារតែបារម្ភថា កម្ទេចកម្ទី អាចបណ្តាលមានមនុស្សស្លាប់ និងរបួស៕
