វាយសី៖ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានជំរុញឲ្យអាជ្ញាកណ្ដាល-ចៅក្រមត្រូវបន្ដពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពឆ្ពោះទៅរកកម្រិតអន្ដរជាតិ ដើម្បីមានលទ្ធភាពអាចចូលរួមកាត់សេចក្ដីទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិបាន ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។

ប្រមុខសហព័ន្ធកីឡាវាយសីបានគូសបញ្ជាប់បែបនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមរយៈពេល ២ថ្ងៃក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡានៅក្លឹបកីឡាវាយសីខេត្តសៀមរាបកាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីកម្មវិធីនេះបានខកខានរៀបចំអស់រយៈពេល ២ឆ្នាំដោយសារជំងឺរាតត្បាលជាសកលកូវីដ-១៩។ ឯកឧត្តមមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាឆ្នាំប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដូច្នេះដើម្បីឆ្លើយតបនឹងកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ សហព័ន្ធកីឡាវាយសីបានត្រៀមគ្រប់បែបយ៉ាងមិនថាកីឡាករ-កីឡាការិនី និងគ្រូបង្វឹកនោះទេ សូម្បីអាជ្ញាកណ្ដាល-ចៅក្រមក៏ត្រូវពង្រឹងសមត្ថភាពផងដែរ។
ដោយហេតុនេះ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមនេះ ឯកឧត្តមបានស្នើឲ្យអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ត្រូវយកចំណេះដឹងប្រើប្រាស់ឲ្យចំទិសដៅ និងមានប្រសិទ្ធភាព ពិសេសត្រូវបន្ដការសិក្សស្វែងយល់បន្ថែមទៀតដើម្បីដុះខាត និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមឆ្ពោះទៅរកអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ ព្រោះបើមិនដូច្នេះក៏មិនអាចចូលរួមកាត់សេចក្ដីក្នុងស៊ីហ្គេមនៅកម្ពុជាបានដែរ។ គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលធ្វើនៅខេត្តសៀមរាបនេះគឺមានសិក្ខាកាម ៣០នាក់មកពី ៨រាជធានី-ខេត្តចូលរួម ហើយវគ្គនេះទទួលបានការគាំទ្រថវិការៀបចំពីក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ លី ឈុនឡា