ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) បានធ្វើឲ្យមានការផ្អាកការផ្គត់ផ្គង់ថាមពលជាបណ្តោះអាសន្ន សម្រាប់អ្នកប្រើប្រាស់យ៉ាងហោចណាស់ ៧០.០០០គ្រួសារ នៅក្នុងតំបន់ Chernihiv ភាគខាងជើងនៃប្រទេសអ៊ុយក្រែន ខណៈដែលកងទ័ពរបស់ទីក្រុងមូស្គូបានបន្តការវាយប្រហារតាមផ្លូវអាកាសរបស់ពួកគេ លើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅមុនរដូវរងា។
ប្រតិបត្តិករចែកចាយថាមពល ក្នុងតំបន់ បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា អ្នកប្រើប្រាស់ប្រហែល ២៩.០០០គ្រួសារ បានប្រឈមនឹងការដាច់ចរន្តអគ្គិសនី នៅក្នុងទីក្រុង Chernihiv និងសង្កាត់ជុំវិញ ក៏ដូចជា ៤៣.០០០គ្រួសារ នៅក្នុងទីក្រុង Nizhyn។ ស្ថាប័ននេះបានបន្ថែមថា ការងារ ដើម្បីស្តារការផ្គត់ផ្គង់អគ្គិសនី កំពុងដំណើរការ។

ពេញមួយយប់ ទាហានរុស្ស៊ីបានកំណត់គោលដៅលើទីតាំងថាមពល នៅក្នុងទីក្រុង Vinnytsia ដោយរំខានដល់លំហូរថាមពល សម្រាប់ផ្នែកខ្លះនៃតំបន់កណ្ដាលទីក្រុង និងបង្កឲ្យមានអគ្គិភ័យ។
ក្នុងរយៈពេលជាង ៣ឆ្នាំកន្លះនៃការលុកលុយទ្រង់ទ្រាយធំ រុស្ស៊ីបានដាក់គោលដៅម្តងហើយម្តងទៀតលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន នៅមុនរដូវស្លឹកឈើជ្រុះដ៏ត្រជាក់ និងរដូវរងា ហើយបានបង្កើនការវាយប្រហារបែបនេះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បាននិយាយថា កងទ័ពរុស្ស៊ីក៏បានបើកការវាយប្រហារជាប្រព័ន្ធលើផ្លូវដែករបស់អ៊ុយក្រែន ចាប់តាំងពីរដូវក្តៅនេះ៕

