ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបថ្មីរាប់សិបគ្រឿងចេញពីមូលដ្ឋានរបស់ខ្លួនស្ថិតនៅរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
យានចម្លង Falcon 9 បានពាំផ្កាយរណប ២៤គ្រឿង ចេញពីមូលដ្ឋានទ័ពអវកាស Vandenberg ។
យោងតាមការអះអាងរបស់ក្រុមហ៊ុន បានឲ្យដឹងថា នេះគឺជាការហោះហើរលើកទី ១៦របស់ខ្លួន សម្រាប់យានចម្លងប្រើប្រាស់ឡើងវិញដែលគាំទ្របេសកកម្មនៅទីអវកាស ។
យានចម្លងនេះ ត្រូវបានគេរំពឹងថា នឹងចុះចតលើនាវាដ្រូន “Of Course I Still Love You” ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
ការបាញ់បង្ហោះនេះដែរ គឺជាការបាញ់បង្ហោះយានចម្លង Falcon 9 លើកទី ១២៣របស់ក្រុមហ៊ុន SpaceX ក្នុងឆ្នាំនេះ និងជាលើកទី ១៥ ក្នុងខែកញ្ញានេះ ៕