ក្រសួងការបរទេសន័រវែស នៅថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) ថា ក្រុមប្រទេសផ្តល់ជំនួយហិរញ្ញវត្ថុដល់អាជ្ញាធរប៉ាឡេស្ទីន (PA) បានព្រមព្រៀងលើកញ្ចប់សង្គ្រោះបន្ទាន់ ដើម្បីបង្កើនការគាំទ្រឲ្យកាន់តែខ្លាំង។
អារ៉ាប៊ីសាអ៊ូឌីត អេស្ប៉ាញ អង់គ្លេស ជប៉ុន និងបារាំង ស្ថិតក្នុងចំណោមប្រទេសដែលគាំទ្រគំនិតផ្តួចផ្តើមនេះ ដែលមានឈ្មោះថា សម្ព័ន្ធសង្គ្រោះបន្ទាន់ (Emergency Coalition) សម្រាប់និរន្តរភាពហិរញ្ញវត្ថុរបស់ PA។ គេមិនទាន់ដឹងច្បាស់ទេថា តើគំនិតផ្តួចផ្តើមនេះនឹងប្រមូលថវិកាបានប៉ុន្មាននោះ។
រដ្ឋាភិបាលន័រវែសបានឲ្យដឹងថា វិភាគទានរបស់ខ្លួន គឺមានចំនួន ៤០លានក្រូណាន័រវែស (៤,០លានដុល្លារ)។ ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សម្ព័ន្ធនេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុបន្ទាន់ និងពុំធ្លាប់មាន ដែល PA កំពុងប្រឈមជាមួយ។

ក្រសួងបានបន្ថែមថា គោលបំណងភ្លាមៗ គឺដើម្បីធ្វើឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុរបស់ PA និងបន្តរក្សាសមត្ថភាព ក្នុងការគ្រប់គ្រង ផ្តល់សេវាកម្មសំខាន់ៗ និងរក្សាសន្តិសុខ។
ជាមួយគ្នានេះដែរ ប្រទេសដែលចូលរួមក្នុងគម្រោងនេះ ក៏បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ចេញមូលនិធិដែលពួកគេនិយាយថា ជាកម្មសិទ្ធិរបស់ PA។ ន័រវែសបានធ្វើជាប្រធានក្រុមអ្នកផ្តល់ជំនួយអន្តរជាតិជាច្រើនទសវត្សរ៍ដល់ប៉ាឡេស្ទីន ដែលគេស្គាល់ថា ជាគណៈកម្មាធិការទំនាក់ទំនងអាដហុក (AHLC)៕

