ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហាញពីមោទនភាព ដែលប្រទេសជាតិ និងប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរមនា ជាពិសេសក្នុងឱកាសនៃបុណ្យទានម្តងៗ ឃើញប្រជាពលរដ្ឋនាំគ្នាដើរលំហែកំសានស្បាយយ៉ាងច្រើន ទៅកាន់តំបន់ទេសរមណីដ្ឋានទេសចរណ៍នានា គឺដោយសារកត្តាសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មធ្យោបាយធ្វើដំណើរ ជាពិសេសមធ្យោបាយផ្ទាល់ខ្លួនកើនឡើង និងដោយសារកត្តាជីវភាពធូធារ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី១ទៀត នៅលើបណ្តោយផ្លូវជាតិលេខខ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រង់ចំណុចប្រសប់ផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា នាព្រឹកថ្ងៃទី៣១មករានេះ ។
សម្តេច បានមានប្រសាសន៍ថា៖ ការដែលមើលឃើញប្រជាពលរដ្ឋនាំគ្នាដើរលេងច្រើននៅរាល់បុណ្យទានម្តងៗគឺដោយសារកត្តា៤យ៉ាងនោះគឺ សន្តិភាព ,ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់,មធ្យោបាយដឹកជញ្ជូន ទាំងរបស់សាធារណៈ និងឯនជនមានការកើនឡើង និងដោយសារកត្តាជីវភាពកាន់តែធូធារ របស់ប្រជាជន។
អំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នេះ, ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មី នៅលើបណ្តោយផ្លូវជាតិលេខ៥ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ(បណ្តោយស្ពានអាកាស១៤៥ម៉ែត្រនិងផ្លូវគល់ស្ពានសងខាង៣៣៨ម៉ែត្រ),មានទទឹង ១៥.៨ម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់ជិត១០លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ១៥ខែ ។
បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥ ដែលបានសាងសង់រួចរាល់និងកំពុងប្រើប្រាស់រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា២០១០), ស្ពានអាកាស៧មករា(៦ មករា ២០១២),ស្ពានអាកាសស្ទឹងមានជ័យ(៣១ កក្កដា ២០១៤),ស្ពានអាកាស៥មករា(៥ មករា ២០១៦),ស្ពានអាកាសមិត្តភាពកម្ពុជា -ចិន សែនសុខឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ»(២ កក្កដា ២០១៨)។ ក្រៅពីនេះស្ពានអាកាសមួយទៀតគឺស្ពានអាកាសរង្វង់មូលចោមចៅកំពុងដំណើរការសាងសង់៕ អត្ថបទ៖ មុត សុទ្ធ









