ភ្នំពេញ ៖ នៅថ្ងៃទី១ នៃកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» បានមើលឃើញថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីតំបន់ផ្សេងៗគ្នា បានអញ្ជើញចូលរួមទស្សនា ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។
យុវជន សុក ចាន់ត្រា តំណាងគរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែលបានចូលរួមទស្សនា ជាពិសេសការដាក់តាំងបង្ហាញនូវផលិតផលខ្មែរជាច្រើន ដែលមិននឹកស្មានថា កម្ពុជាអាចផលិតបានគ្រប់មុខទំនិញ សម្បូរបែប ថែមទាំងមានគុណភាពមិនចាញ់ទំនិញដែលនាំចូលទេ។ លោកបានបន្តថា ពិតជាមានអារម្មណ៍សប្បាយរីករាយ និងមានរំភើប នៅពេលដែលមើលឃើញថា ជនជាតិកម្ពុជាអាចបង្កើតផលិតផលដោយខ្លួនឯងបានគ្រប់មុខទំនិញ ដោយពុំចាំបាច់រស់ពឹងអ្នកដទៃដូចពីមុនទៀតនោះទេ។
អ្នកស្រី ទេព រតនា ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងថា ចាប់ពីឈានជើងចូលក្នុងកម្មវិធីពិព័រណ៍នេះ មានអារម្មណ៍ថាប្លែកភ្នែក ពីព្រោះមើលឃើញថា កម្ពុជាពិតមានការរីកចម្រើនជាខ្លាំងនិងអាចធ្វើបានគ្រប់មុខ ដូចជាខាងផ្នែកម្ហូបអាហារ គ្រឿងទេស គ្រឿងក្រអូប និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត ដែលមិនធ្លាប់បានឃើញនិងដឹងថា ផលិតផលទាំងអស់នោះកូនខ្មែរអាចធ្វើបាន។
ក្រុមប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានអំពាវនាវដល់សាធារណៈជនទូទៅទាំងអស់ សូមចូលរួមឱ្យបានគ្រប់ៗគ្នា និងគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើនឡើងថែមទៀត ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម ជាពិសេសក្រោមពាក្យស្លោកថា “ប្រើប្រាស់ផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”។
ពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងគោលដៅដើម្បីជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរឱ្យបានដឹងពីអ្វីដែលកម្ពុជាបាននឹងកំពុងផលិតបាន។ លើសពីនេះ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីរបស់មហាគ្រួសារខ្មែរផងដែរ។ ពិព័រណ៍នេះ មានស្តង់សរុបចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន ២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់៕
អត្ថបទ៖ ឈិត បូរ៉ាវី








