រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងលុបចោលកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិ (UN) ត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើប្រទេសមហាអំណាចលោកខាងលិច ដាក់ទណ្ឌកម្មរបស់ UN ឡើងវិញ។
សំណុំនៃទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់ នឹងត្រូវដាក់ឡើងវិញ នៅម៉ោង ០០:០០ ម៉ោងសកល នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយប្រទេសមហាអំណាច ជាកតិកាសញ្ញាដែលមានគោលបំណងរារាំងប្រទេសនេះមិនឲ្យផលិតបានអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិងកំពុងព្យាយាមបង្កើតកិច្ចសហប្រតិបត្តិការឡើងវិញ ជាមួយទីក្រុងតេអេរ៉ង់ និងបន្តការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះឡើងវិញ បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងទាំងនោះ កាលពីខែមិថុនា។
ប៉ុន្តែតាមរយៈការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram លោក Araqchi បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងប្រទេសអេហ្ស៊ីប ក្នុងខែនេះ «នឹងនៅតែមានសុពលភាព ដរាបណាមិនមានវិធានការអរិភាពណាមួយ ត្រូវបានបង្កើតឡើងប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងនោះរួមទាំងការចាប់ផ្ដើមឡើងវិញនូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលត្រូវបានលុបចោលផងដែរ»។
លោកបានបន្ថែមថា៖ «បើមិនដូច្នេះទេ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងពិចារណាការប្តេជ្ញាចិត្តជាក់ស្តែងរបស់ខ្លួនថា ត្រូវតែបញ្ចប់»៕
