ក្រុមមន្រ្តីគ្រោះមហន្តរាយនិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោច ៤នាក់ ត្រូវបានសម្លាប់នៅហ្វីលីពីន ក្រោយព្យុះត្រូពិក Bualoiដែលបានបង្កើនកម្លាំងជាព្យុះទីហ្វុង បានវាយប្រហារកោះភាគកណ្តាលប្រទេសមួយនេះ ។
រូបភាពវីដេអូឃ្លីបពីភូមិ Taguilos ស្ថិតក្នុងខេត្ត Romblon នៅភាគកណ្តាលហ្វីលីពីន ឃើញខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ។
ព្យុះ Bualoi បានបោកបក់ដល់ដីគោកនៅទីក្រុង Eastern Samar ស្ថិតនៅភាគកណ្តាលហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ មុនពេលបោកឆ្លងកាត់ទីក្រុង Masbate និងបោកបក់ឆ្លងកាត់តំបន់ Bicol ស្ថិតនៅកោះភាគខាងត្បូង Luzon ។

ការងាររដ្ឋ និងសាលារៀន នៅតាមតំបន់ជាច្រើន រួមទាំងទៅទីក្រុងម៉ានីល ត្រូវបានផ្អាក មុនការមកដល់របស់ព្យុះ Bualoi ដែលបានវាយប្រហាររយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលព្យុះទីហ្វុង Ragasa បង្កការខូចខាតនៅតំបន់ភាគខាងជើងហ្វីលីពីន ដោយបានសម្លាប់មនុស្ស ១៤នាក់ ។
ជាមួយនឹងកម្លាំងខ្យល់បក់ ១១០គ.ម ក្នុង ១ម៉ោង និងសន្ទុះខ្យល់បក់ ១៣៥គ.មក្នុង ១ម៉ោង ព្យុះ Bualoi ត្រូវបានគេព្យាករណ៍ថា នឹងបង្កើនកម្លាំងរបស់វាក្លាយជាព្យុះទីហ្វុងម្តងទៀត ពេលដែលវាបោកបក់ឆ្ពោះទៅកាន់ប្រទេសវៀតណាម ៕
