ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយថា លោកបានឈានដល់ការយោគយល់គ្នាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump អំពីថា តើត្រូវសម្រេចឲ្យបាននូវបទឈប់បាញ់ និងសន្តិភាពយូរអង្វែងយ៉ាងដូចម្ដេច នៅតំបន់ហ្កាហ្សា និងប៉ាឡេស្ទីន បន្ទាប់ពីមានកិច្ចពិភាក្សា នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា)។

យោងតាមប្រតិចារិកដែលបានចែករំលែកដោយការិយាល័យរបស់លោក នៅថ្ងៃសុក្រនេះ លោក Erdogan ត្រូវបានដកស្រង់សម្ដីដែលបានប្រាប់អ្នកសារព័ត៌មានថា៖ «កិច្ចប្រជុំរបស់យើងមានសារៈសំខាន់ណាស់ ដែលជាការបង្ហាញនូវឆន្ទៈ ដើម្បីបញ្ចប់ការសម្លាប់រង្គាល នៅហ្កាហ្សា។ អំឡុងកិច្ចប្រជុំនោះ លោក Trump បានសង្កត់ធ្ងន់ អំពីតម្រូវការ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា នៅហ្កាហ្សា និងឈានដល់សន្តិភាពយូរអង្វែង»
លោកបានបន្ថែមថា៖ «យើងបានពន្យល់ថា តើបទឈប់បាញ់អាចត្រូវសម្រេចបានយ៉ាងដូចម្ដេច នៅហ្កាហ្សា និងដែនដីប៉ាឡេស្ទីនទាំងមូល ហើយនិងសន្តិភាពយូរអង្វែងបន្ទាប់ពីនោះ។ ការយោគយល់គ្នាបានទៅឈានដល់»។
ហើយជាមួយគ្នានេះ មេដឹកនាំទួរគីរូបនេះបានបញ្ជាក់ថា៖ «យើងបាននិយាយថា ដំណោះស្រាយរដ្ឋ២ គឺជារូបមន្ត សម្រាប់សន្តិភាពយូរអង្វែង ក្នុងតំបន់ ដែលស្ថានភាពបច្ចុប្បន្ន មិនអាចបន្តមានបានឡើយ»។
លើសពីនោះទៀត លោក Erdogan ក៏បានលើកឡើងផងដែរថា ការចូលរួមរបស់ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ភាពស្របច្បាប់ជាសកលរបស់រដ្ឋាភិបាលស៊ីរីថ្មី៕
