ការិយាល័យប្រធានាធិបតីហ្វីលីពីននិយាយនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Ferdinand Marcos Jr បានបញ្ជាឲ្យបន្តបំរាមការនាំចូលអង្កររយៈពេល ៦០ថ្ងៃរបស់ប្រទេសលោក ប៉ុន្តែពួកគេពុំបានបញ្ជាក់ថាតើការបន្តបំរាមនេះនឹងមានរយៈពេលប៉ុន្មាននោះទេ ។
មុននេះលោក Marcos បានបញ្ជាឲ្យផ្អាករយៈពេល ៦០ថ្ងៃលើការនាំចូលស្រូវ-អង្ករ ចាប់ផ្តើមពីថ្ងៃទី ១ ខែកញ្ញាតទៅ នៅក្នុងកិច្ចខិតខំមួយ ដើម្បីការពារកសិករ អំឡុងរដូវកាលច្រូតកាត់ក្នុងស្រុក និងដើម្បីពិនិត្យតម្លៃអង្ករ ។
ការបញ្ជានេះ គ្របដណ្តប់លើការនាំចូលអង្ករកិនធម្មតា និងអង្ករកិនល្អ ហើយនិងពុំរាប់បញ្ចូលប្រភេទអង្ករផលិតក្នុងស្រុក ។
លោក Claire Castro គឺជាអនុរដ្ឋលេខាធិការទំនាក់ទំនងប្រធានាធិបតី និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រោមបទបញ្ជារបស់ប្រធានាធិបតី ការផ្អាកការនាំចូលអង្កររយៈពេល ២ខែ នឹងត្រូវបន្ត ។
ហ្វីលីពីនដែលស្ថិតក្នុងចំណោមប្រទេសនាំចូលស្រូវធំជាងគេបំផុតរបស់ពិភពលោក បានដឹកជញ្ជូនអង្ករទម្ងន់ ៤,៨លានតោនកាលពីឆ្នាំមុន ដែលភាគច្រើននាំចូលពីវៀតណាម និងថៃ ។
រដ្ឋមន្រ្តីកសិកម្មហ្វីលីពីនលោក Francisco Tiu Laurel និយាយថា លោកមានគម្រោងណែនាំដល់លោកប្រធានាធិបតីថា ការផ្អាកនេះ គួរតែបន្តរយៈពេលពី ១៥ថ្ងៃ ដល់ ៣០ថ្ងៃ ហើយក្រសួងបានពិនិត្យមើលផងដែរពន្ធកើនឡើងលើអង្ករនាំចូល ៕