ជនប៉ាឡេស្ទីនរួមទាំងក្រុមការងារសង្រ្គោះ និងអ្នកស្រុក បានរុករកតាមគំនរបាក់បែកអគារនៅថ្ងៃសុក្រនេះ ដើម្បីទាញសាកសពចេញ ក្រោយអ៊ីស្រាអែលវាយប្រហារអគារនៅទីក្រុងហ្កាហ្សា ។
នៅមន្ទីរពេទ្យ Al Shifa អ្នកកាន់ទុកបានជួបជុំគ្នាធ្វើពិធីលាគ្នាជាលើកចុងក្រោយជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។
លោក Houda Enaaem គឺជាជនប៉ាឡេស្ទីនដែលរស់នៅជិតផ្ទះរងការវាយប្រហារនិយាយថា ពួកយើងកំពុងអង្គុយ ពេលដែលភ្លាមៗនោះមីស៊ីលធ្លាក់លើដោយគ្មានការព្រមានជាមុន ។ លោកកំពុងឈរលើជណ្តើរ ពួកយើងរស់នៅក្នុងផ្ទះនៅពីក្រោយផ្ទះរបស់ពួកគេ ពួកគេរងការវាយប្រហារ មានជនរងគ្រោះច្រើនណាស់ ទាំងកុមារ ស្រ្តី និងបុរស ។
អ៊ីស្រាអែលតែងតែនិយាយថា ពួកគេចាត់វិធានការដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជនស៊ីវិល ។ អ៊ីស្រាអែលនិយាយថា ពួកគេកំពុងព្យាយាមកម្ចាត់ក្រុមហាម៉ាស ដែលបានវាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីឆ្នាំ ២០២៣ និងរំដោះចំណាប់ថ្នូរដែលឃុំខ្លួនដោយក្រុមមួយនេះ ។
រថក្រោះអ៊ីស្រាអែល បានចូលទីក្រុងហ្កាហ្សាជាផ្នែកមួយនៃការវាយប្រហារដែលអ៊ីស្រាអែលមានបំណងកម្ទេចក្រុមជីវពលប៉ាឡេស្ទីន ។
គួររំឭកថា មនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២៥១នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរនៅក្នុងការវាយប្រហារនោះ ។ ចំណាប់ថ្នូរប្រហែល ៤៨នាក់ បន្តនៅជាប់ខ្លួន ក្នុងនោះ ចំណាប់ថ្នូរ ២០នាក់ចំណោមពួកគេ ត្រូវបានគេមានជំនឿថានៅរស់ ។
ដោយឡែក យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជាង ៦៥.០០០នាក់ ៕