ស៊ីហ្គេម៖ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត ក្នុងនាមជាអ្នកកីឡាមានបទពិសោធន៍ជោគជាំរាប់សិបទសវត្សរ៍ ទាំងក្នុងប្រទេសតំបន់ និងអឺរ៉ុបបានទទូចឲ្យកីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡាត្រូវពង្រឹងនូវវិន័យឲ្យបានគត់មត់បំផុត ដើម្បីធានាបាននូវការត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ និងអាចសម្រេចក្ដីស្រមៃដណ្ដើមមេដាយជូនជាតិបានក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
ថ្លែងប្រាប់ក្រុមការងារ BTV-News មុនឡើងយន្តហោះឆ្ពោះទៅប្រទេសបារាំងកាលពីចុងសប្ដាហ៍កន្លងទៅ បុរសវ័យ ៧៤ឆ្នាំរូបនេះបានសម្ដែងនូវការគាំទ្រ និងមានមោទនភាពបំផុតដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំក្រោយ។ តាមរយៈនេះលោកព្រឹទ្ធាចារ្យ ប៉ែន ផាត បានស្នើឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ពិសេសត្រូវមានវិន័យដើម្បីឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ ឆ្លើយតបជាមួយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងៗទៀត។ គួរដឹងថា អតីតកីឡាករដ៏ល្បីឈ្មោះរបស់កម្ពុជាកាលពីទសវត្សរ៍ ៦០ និង ៧០ លោក ប៉ែន ផាត បានធ្វើដំណើរទៅប្រទេសបារាំងដើម្បីជួបជុំក្រុមគ្រួសារកាលពីចុងសប្ដាហ៍កន្លងទៅ ហើយទំនងជា ៣ខែក្រោយលោកនឹងត្រឡប់មកកម្ពុជាវិញដើម្បីចូលរួមសកម្មភាពកីឡាផ្សេងៗ ពិសេសដឹកនាំសាលាបាល់ទាត់របស់លោកដែលបានបង្កើតកាលពីថ្មីៗ ដោយប្រើប្រាស់រហស្សនាមរបស់លោកផ្ទាល់គឺសាលាបាល់ទាត់ ពស់កេងកង៕
អត្ថបទ៖ លី ឈុនឡា