នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងកិច្ចប្រជុំមួយមានគោលដៅជំរុញក្រុមហ៊ុនសហរដ្ឋអាមេរិកឲ្យវិនិយោគនៅក្នុងប្រទេសរបស់លោក ។
កិច្ចពិភាក្សានេះ បានផ្តោតសំខាន់ផងដែរលើបញ្ហាមជ្ឈិមបូព៌ា ជាទីដែលប៉ាគីស្ថានមានការរួមចំណែកកើនឡើង ។
ការិយាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថាននិយាយថា លោក Sharif បានកោតសរសើរកិច្ចខិតខំរបស់លោកប្រធានាធិបតី Trump ក្នុងការបញ្ចប់ជាបន្ទាន់សង្រ្គាមនៅតំបន់ហ្កាហ្សា ។
លោក Sharif ស្ថិតនៅក្នុងចំណោមក្រុមមន្រ្តីជាន់ខ្ពស់មកពីបណ្តាប្រទេសអារ៉ាប់ ឬមូស្លីមចំនួន ៨ប្រទេសដែលបានជួបជាមួយលោក Trumpនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ(UN)ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើយុទ្ធសាស្រ្តបញ្ចប់សង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ។
ទំនាក់ទំនងបានល្អប្រសើរឡើងរវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន ពេលដែលទំនាក់ទំនងរបស់លោក Trumpជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ជាប់គាំង ជុំវិញការទិញកើនឡើងនូវប្រេងបញ្ចុះតម្លៃរុស្ស៊ីរបស់ឥណ្ឌា បន្ទាប់ពីទីក្រុងមូស្គូវាយប្រហារអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
លោក Trumpបានដំឡើងពន្ធលើឥណ្ឌា សម្រាប់ការទិញប្រេងទាំងនេះ នៅក្នុងកិច្ចខិតខំមួយដើម្បីដាក់សម្ពាធដោយប្រយោលលើទីក្រុងមូស្គូ ៕