នៅថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) នេះ រុស្ស៊ីបានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា បានធ្វើគំរាមកំហែង «ដោយមិនគិតមុខគិតក្រោយ» បន្ទាប់ពីលោកបាននិយាយថា មន្រ្តីជាន់ខ្ពស់របស់ទីក្រុងមូស្គូ គួរតែរៀបចំបង្កើតទីកន្លែងការពារការទម្លាក់គ្រាប់បែក នៅជិតវិមានក្រឹមឡាំងប្រសិនបើប្រទេសនេះមិនបញ្ឈប់ការវាយលុករបស់ខ្លួនលើអ៊ុយក្រែនទេនោះ។
នៅក្នុងបទសម្ភាសជាមួយបណ្ដាញសារព័ត៌មានអាមេរិក Axios លោក Zelenskyy បាននិយាយថា មន្ត្រីរុស្ស៊ី «ត្រូវតែដឹងថា កន្លែងជ្រកការពារការទម្លាក់គ្រាប់បែករបស់ពួកគេនៅទីណា» ដោយបន្ថែមថា «ប្រសិនបើពួកគេនឹងមិនបញ្ឈប់សង្គ្រាមទេនោះ ពួកគេនឹងត្រូវការទីកន្លែងទាំងនោះ ទោះក្នុងករណីណាក៏ដោយ»
រុស្ស៊ី កាលពីដើមខែនេះ បានវាយប្រហារអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងទីក្រុងគីវ ដែលជាលើកដំបូង នៅក្នុងជម្លោះរយៈពេល ៣ឆ្នាំកន្លះ ខណៈដែលខ្លួនបានបើកការវាយស្រោចតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួនលើអ៊ុយក្រែន។
ទាក់ទងនឹងសម្ដីរបស់មេដឹកនាំអ៊ុយក្រែន នៅឯសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «លោក Zelenskyy កំពុងបន្តកិច្ចប្រឹងប្រែងដ៏អស់សង្ឃឹមរបស់លោក។ នោះហើយជាមូលហេតុដែលលោកកំពុងចេញការគំរាមកំហែងមិនគិតមុខគិតក្រោយ ដែលជាការមិនទទួលខុសត្រូវសោះ»៕