ស្របពេលដែលកងកម្លាំងអ៊ីស្រាអែលរុលចូលកាន់តែជ្រៅនៅក្នុងទីក្រុងហ្កាហ្សា ជនប៉ាឡេស្ទីន បាននាំគ្នារត់ភៀសខ្លួនចេញពីទីនេះ និងស្វែងរកទីជម្រកនៅកន្លែងផ្សេង ។
ភាគច្រើននៃពួកគេបច្ចុប្បន្ន រស់នៅក្នុងសំពត់តង់នៅទីក្រុង Nuseirat ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ជាទីដែលគ្រឿងចាំបាច់មូលដ្ឋានដូចជាទឹកស្អាត ពិបាកស្វែងរក ។
មនុស្សពេញវ័យ និងក្មេងៗ នាំគ្នាតម្រង់ជួរនៅកន្លែងចែកចាយទឹកស្អាត ដោយសង្ឃឹមថានឹងទទួលបានទឹកស្អាតផឹក ។
លោក Moufid al-Arouki វ័យ ៥៣ឆ្នាំ ដែលបាននៅកន្លែងចែកចាយទឹក និយាយថា ទឹកដែលពួកគេទទួលបាន ពួកគេត្រូវចំណាយពេល ៣-៤ថ្ងៃឯណោះ ។
លោក Ahmad Khodeir គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនម្នាក់ទៀត និយាយថា លោកបានរត់ភៀសខ្លួនចេញពីទីក្រុងហ្កាហ្សាជាមួយគ្រួសាររបស់លោក ។
បច្ចុប្បន្នស្នាក់នៅក្នុងសំពត់តង់បណ្តោះអាសន្ននៅទីក្រុង Nuseirat លោក Khodeir និយាយថា លោកពុំបានងូតទឹកអស់រយៈពេល ១០ថ្ងៃមកហើយ ។
ជនប៉ាឡេស្ទីនផ្សេងទៀត និយាយដែរថា ពួកគេងាកទៅរកទឹកសមុទ្រសម្រាប់ការចម្អិន និងលាងសម្អាត ។
រថក្រោះអ៊ីស្រាអែល បានចូលក្នុងទីក្រុងហ្កាហ្សាជាផ្នែកមួយនៃការវាយប្រហារដែលអ៊ីស្រាអែលនិយាយថា ពួកគេមានបំណងកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារស្លាប់មនុស្សនៅអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
មនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២៥១នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរនៅក្នុងការវាយប្រហារនោះ ។ ចំណាប់ថ្នូរប្រហែល ៤៨នាក់ បន្តនៅជាប់ខ្លួន ក្នុងនោះ ចំណាប់ថ្នូរ ២០នាក់ចំណោមពួកគេ ត្រូវបានគេមានជំនឿថានៅរស់ ។
ដោយឡែក យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជាង ៦៥.០០០នាក់ ៕