វាយកូនបាល់៖ ទីបំផុតក្តីស្រមៃក៏បានក្លាយជាការពិតសំរាប់កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal ក្លាយជាកីឡាករវាយកូនបាល់ដែលឈ្នះជើងឯក Grand Slam ច្រើនជាងគេក្រោយយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev នៅវគ្គផ្តាច់ព្រ័ត្រ Australian Open។ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ និងបានបង្ហាញនូវស្មារតីពុះពាររបស់កីឡាករទាំងពីរ និងជាវគ្គផ្តាច់ព្រ័ត្រមួយដែលមិនអាចបំភ្លេចបានសំរាប់ Rafael Nadal។

ជើងឯក US Open កីឡាកររុស្ស៊ី Daniil Medvedev បានយកឈ្នះពីរសិតដំបូង ៧-៦(៧-៥) និង ៦-២ បានធ្វើឱ្យអ្នកគាំទ្រ Nadal គិតថាប្រហែលជារជ្ជកាលរបស់កីឡាករជំនាន់ក្រោយ តែអ្វីៗមិនដូចការគិតឡើយ។ កីឡាករវ័យ ៣៥ឆ្នាំ Rafael Nadal មិនមែនធ្លាប់ធ្វើរឿងនេះលើកដំបូងឡើយក្នុងអាជីព ពោលគឺបានវាយបកតាមស្មើវិញ ៦-៤ និង ៦-៤ ហើយឆ្ពោះទៅយកជ័យជំនះទៀតនៅសិតកាត់សេចក្តី ៧-៥។ ជ័យជំនះរបស់ Nadal កើតឡើងនៅពេលនេះ ទាំងកាលពី ៣ខែមុនគេមិនបានគិតថាបានចូលរួមប្រកួតនៅ Australian Open នេះផងដោយសាររបួសជើង។ ជាមួយនឹងអវត្តមានរបស់គូប្រជែងស្វិតស្វាញទាំងពីរនាក់ Roger Federer និង Novak Djokovic ដែលដំបូងទាំងបីនាក់នេះឈ្នះជើងឯក Grand Slam ២០លើកដូចគ្នានោះនៅពេលនេះ Rafael Nadal បានយកឈ្នះជើងឯកនៅទីនេះដើម្បីក្លាយជាកីឡាករទី ១ ក្នុងប្រវត្តិសាស្ត្រដែលឈ្នះជើងឯក Grand Slam ច្រើនជាងគេសរុប ២១លើក៕
អត្ថបទ៖នាង សុភាវុធ