យោធារបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់បន្ថែមទៀតនៅទូទាំងតំបន់ហ្កាហ្សាក្នុងការវាយប្រហារចុងក្រោយរបស់ខ្លួន ខណៈនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្តេជ្ញាថានឹង «បញ្ចប់ការងារ» ប្រយុទ្ធប្រឆាំងក្រុមហាម៉ាសក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។
ប្រភពពីគ្រូពេទ្យបានប្រាប់សារព័ត៌មាន Al Jazeera ថាមនុស្ស៦០នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ដែលត្រូវបានហ៊ុមព័ទ្ធ និងបានទម្លាក់គ្រាប់បែកលើដែនដីប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ។ យ៉ាងហោចណាស់ជនរងគ្រោះ៣០នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែលបានបង្កើនការវាយលុករបស់ខ្លួនចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការកងទ័ពជើងគោក កាលពីថ្ងៃទី១៦ ខែកញ្ញា។
ទីតាំងនានារួមទាំងនៅផ្លូវ al-Wehda ជំរំShati និងសង្កាត់ Nassr ត្រូវបានវាយប្រហារកាលពីថ្ងៃសុក្រ។ ការវាយប្រហារមួយផ្សេងទៀតក៏បានធ្លាក់ទៅលើក្រុង Remal ដែលស្ថិតនៅភាគខាងលិចទីក្រុង។
សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ការវាយប្រហារបានកើតឡើងដោយគ្មានការព្រមានជាមុន ហើយជនស៊ីវិលប៉ាឡេស្ទីនកំពុងស្វែងរកនៅតាមគំនរបាក់បែកនៃអគារមួយដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់នាំយកសាកសពអ្នកស្លាប់ចេញ។


