អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍មួយ ដោយបង្ហាញថាក្រុមហ៊ុនជាង១៥០ រួមមានទាំងក្រុមហ៊ុន Airbnb, Booking.com, Expedia និងក្រុមហ៊ុន TripAdvisor កំពុងទទួលបានផលប្រយោជន៍ពីការតាំងលំនៅឋានដោយខុសច្បាប់របស់អ៊ីស្រាអែលនៅតំបន់កាន់កាប់ West Bank ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្របានធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យរបស់ខ្លួនដោយបានចុះបញ្ជីក្រុមហ៊ុនចំនួន១៥៨ក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការនៅផ្នែកការតាំងលំនៅឋាន ដែលត្រូវបានចាត់ទុកថាខុសច្បាប់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ខណៈក្រុមហ៊ុនភាគច្រើនគ្រប់គ្រងដោយជាជនជាតិអ៊ីស្រាអែល បញ្ជីនេះក៏រួមមានទាំងពហុជាតិសាសន៍ដែលត្រូវបានចុះបញ្ជីនៅក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដា ចិន បារាំង និងប្រទេសអាល្លឺម៉ង់ ផងដែរ។
របាយការណ៍បានសង្កត់ធ្ងន់ថា អាជីវកម្មមានកាតព្វកិច្ចដើម្បីបញ្ចៀសការបង្កការបំពាន និងបាននិយាយថា «កន្លែងដែលសហគ្រាសអាជីវកម្មកត់សម្គាល់ថាពួកគេបានបង្កឬរួមចំណែកដល់ផលប៉ះពាល់អវិជ្ជមានលើសិទ្ធិមនុស្ស ពួកគេគួរតែផ្តល់ការសហការដើម្បីដោះស្រាយតាមរយៈដំណើរការសមស្រប»។
ការធ្វើបច្ចុប្បន្នភាពបានបន្ថែមក្រុមហ៊ុនចំនួន៦៨ ចាប់តាំងពីការចេញផ្សាយចុងក្រោយកាលពីខែមិថុនា ឆ្នាំ២០២៣ ហើយបានដកក្រុមហ៊ុនចំនួន៧ចេញ រួមមានក្រុមហ៊ុនទេសចរណ៍អនឡាញដែលបានចុះបញ្ជីនៅចក្រភពអង់គ្លេស Opodo និងទីភ្នាក់ងារទេសចរណ៍តាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ eDreams ។
ភាគច្រើននៃក្រុមហ៊ុនផ្សេងទៀត ត្រូវបានផ្សារភ្ជាប់ទៅនឹងវិស័យសំណង់ អចលនទ្រព្យ ការជីកយករ៉ែ និងផ្នែកវាយយកថ្ម ដែលជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងពង្រីកការតាំងលំនៅឋានរបស់អ៊ីស្រាអែល។ ក្រុមហ៊ុនបន្ថែមចំនួនជាង៣០០ កំពុងស្ថិតក្រោមការត្រួតពិនិត្យ។