ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់ ត្រូវបានកំណត់ឡើងវិញនៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញានេះ បន្ទាប់ពីបំណងរបស់រុស្ស៊ីនិងចិនក្នុងការពន្យារពេលទណ្ឌកម្មបានបរាជ័យនៅក្រុមប្រឹក្សាសន្តិសុខ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ព្រមានថាប្រទេសមហាអំណាចលោកខាងលិចនឹងទទួលខុសត្រូវចំពោះផលវិបាកណាមួយ។
ការសម្រេចដើម្បីដាក់ទណ្ឌកម្មឡើងវិញ ត្រូវបានគេរំពឹងថានឹងបង្កើនភាពតានតឹងជាមួយទីក្រុងតេអេរ៉ង់ ដែលបានព្រមានពីការឆ្លើយតបខ្លាំងក្លា និងជាសញ្ញាថាជម្លោះរីកធំអាចនឹងកើតឡើង។ ប្រទេសរុស្ស៊ី និងចិន ជំរុញឱ្យពន្យារពេលការដាក់ទណ្ឌកម្ម ដែលទទួលបានតែបួនសំឡេងប៉ុណ្ណោះនៅក្នុងក្រុមប្រឹក្សាដែលមានសមាជិក១៥រូប ខណៈ៩សំឡេងបានបោះឆ្នោតប្រឆាំង និង២សំឡេង អនុប្បវាទ។
បេសកជនរបស់ចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Barbara Wood បាននិយាយបន្ទាប់ពីការបោះឆ្នោតថា «ក្រុមប្រឹក្សានេះ ពុំមានការធានាជាចាំបាច់ថាមានច្រកច្បាស់លាស់ទៅរកដំណោះស្រាយផ្នែកការទូតបានឆាប់រហ័សនោះទេ»។
លោកស្រី បាននិយាយថា «ក្រុមប្រឹក្សានេះ បានបំពេញនូវជំហានជាចាំបាច់នៃដំណើរការអនុវត្តវិធានការដើម ដែលបានកំណត់ក្នុងសេចក្តីសម្រេចលេខ២២៣១ ដូច្នេះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលដាក់គោលដៅលើការរីកសាយរបស់អ៊ីរ៉ង់ នឹងត្រូវបានដាក់ឡើងវិញនៅចុងសប្តាហ៍នេះ»។
រាល់ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់នឹងត្រឡប់មកវិញនៅម៉ោង៨យប់ នៅថ្ងៃសៅរ៍ នេះម៉ោងក្នុងស្រុក។ ទណ្ឌកម្មនេះនឹងដាក់ឡើងវិញនូវបម្រាមអាវុធ ការហាមឃាត់លើការចម្រាញ់និងកែច្នៃសារធាតុអ៊ុយរ៉ានៅញ៉ូម ការកំណត់លើសកម្មភាពមីស៊ីលបាលីស្ទីក ការបង្កកទ្រព្យសម្បត្តិជាសកល និងការហាមឃាត់ការធ្វើដំណើររបស់បុគ្គល និងបម្រាមលើអង្គភាពរបស់អ៊ីរ៉ង់ជាច្រើន។