វាយកូនបាល់៖ ទីបំផុតកីឡាការិនីវាយកូនបាល់លេខ ១ ពិភពលោក Ashleigh Barty បានបញ្ចប់ការទន្ទឹងរង់ចាំរយៈពេល ៤៤ឆ្នាំរបស់អ្នកគាំទ្រអូស្ត្រាលីក្រោយក្លាយជាកីឡាការិនីអូស្ត្រាលីទី១ ដែលឈ្នះពាន Grand Slam, Australian Open ក្នុងទឹកដីរបស់ខ្លួន។ Ashleigh Barty បានយកឈ្នះកីឡាការិនីអាមេរិក Danielle Collins ដែលឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះជាលើកដំបូងក្នុងអាជីពដោយលទ្ធផល ៦-៣ និង ៧-៦(៧-២)។

កីឡាការិនីវ័យ ២៥ឆ្នាំ Ashleigh Barty ឡើងមកគ្រងជើងឯកលើកនេះ ដោយមិនភ្លាត់ចាញ់សូម្បីមួយសិតក្នុងព្រឹត្តិការណ៍ Grand Slam ដើមឆ្នាំមួយនេះ។ តាំងពីឈ្នះ Grand Slam ដំបូងកាលពីឆ្នាំ២០១៩ នៅ French Open កីឡាការិនី Ashleigh Barty នៅពេលនេះឈ្នះពាន Grand Slam សរុប ៣លើករាប់ទាំង Australian Open នេះ និង Wimbledon នៅឆ្នាំ២០២១។ រំលឹកថា តាំងពី Chris O’Neil ឈ្នះពាន Australian Open កាលពីឆ្នាំ១៩៧៨ ចុងក្រោយបំផុតនោះក្រោយមកកីឡាករអូស្ត្រាលីផ្សេងទៀតរួមមាន Kim Warwick, Wendy Turnbull, Pat Cash និង Lleyton Hewitt សុទ្ធតែចាញ់នៅវគ្គផ្តាច់ព្រ័ត្រ Australian Open៕
អត្ថបទ៖នាង សុភាវុធ