មានជួរយានយន្តដ៏វែងដើម្បីចូលចាក់ប្រេងនៅស្ថានីយមួយកន្លែងក្នុងទីក្រុង Sevastopol ជាទីក្រុងកំពង់ផែនៅតំបន់គ្រីម៉េគ្រប់គ្រងដោយរុស្ស៊ី។ ខណៈអ៊ុយក្រែនបង្កើនការវាយប្រហារដោយយានដ្រូនរបស់ខ្លួនទៅលើរោងចក្រចម្រាញ់ប្រេង និងស្ថានីយនាំចេញរបស់រុស្ស៊ី អ្នកបើកបររថយន្តកំពុងមានអារម្មណ៍មួរម៉ៅ។ យោងតាមកាសែត Izvestia បានឱ្យដឹងថា កង្វះប្រេងសាំងបានកើតមាននៅក្នុងតំបន់ជាង១០ នៅទូទាំងប្រទេសរុស្ស៊ី។
អ្នកស្រុកនិយាយថា ពួកគេត្រូវតម្រង់ជួររយៈពេល៤០នាទីដើម្បីចាក់បំពេញធុងប្រេងរបស់ខ្លួន ប៉ុន្តែបាននិយាយថាពួកគេមិនទាន់ព្រួយបារម្ភខ្លាំងនៅឡើយទេ។ លោក Sergei Aksyonov ដែលជាប្រធាននៅ តំបន់គ្រីម៉េ បានទទួលស្គាល់បញ្ហានេះនៅក្នុងការបង្ហោះលើបណ្តាញ Telegram ប៉ុន្តែបាននិយាយថាស្ថានីយ៍ប្រេងឥន្ធនៈនឹងត្រូវបានផ្គត់ផ្គង់យ៉ាងពេញលេញក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។
តំបន់ចុងបូព៌ា និងតំបន់គ្រីម៉េ របស់រុស្ស៊ី គឺជាដែនដីដំបូងគេដែលជួបប្រទះកង្វះប្រេងសាំងនៅក្នុងខែសីហា។ ការវាយប្រហាររបស់អ៊ុយក្រែន បានកាត់បន្ថយការចម្រាញ់ប្រេងរបស់រុស្ស៊ីស្ទើរតែមួយភាគប្រាំ និងកាត់បន្ថយការនាំចេញពីកំពង់ផែធំៗ។