អាជ្ញាធរបានប្រាប់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះត្រូពិក Bualoi បានកើនឡើងដល់ ១១នាក់យ៉ាងតិច នៅក្នុងប្រទេសហ្វីលីពីន នាថ្ងៃសៅរ៍ (ទី២៧ ខែកញ្ញា) នេះ ខណៈដែលព្យុះស៊ីក្លូនមួយនេះ បានបក់បោកឆ្ពោះទៅកៀកនឹងប្រទេសវៀតណាម។
ព្យុះនេះបានបក់បោកលើកោះតូចៗ នៅភាគកណ្តាលហ្វីលីពីន កាលពីថ្ងៃទី២៦ ខែកញ្ញា ដោយបានធ្វើឲ្យដើមឈើ និងបង្គោលភ្លើងដួលរលំ ដំបូលផ្ទះសម្បែងរបើក បង្កជាទឹកជំនន់ និងបង្ខំឲ្យមនុស្ស ៤០០.០០០នាក់ជម្លៀសចេញ។
មន្ត្រីគ្រោះមហន្តរាយខេត្ត លោក Noel Lungay បានប្រាប់បណ្ដាញសារព័ត៌មានតាមទូរសព្ទថា ក្នុងចំណោមការរងគ្រោះខ្លាំងបំផុត គឺកោះដ៏តូចមួយឈ្មោះ Biliran ជាទីដែលមានមនុស្ស ៨នាក់ បានបាត់បង់ជីវិត និង ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
លោកបាននិយាយថា៖ «មានទឹកជំនន់គ្រប់ទិសទី ហើយផ្លូវមួយចំនួន នៅតែត្រូវទឹកលិច នៅព្រឹកថ្ងៃនេះ។ អ្នកជម្លៀសកំពុងចាប់ផ្តើមវិលត្រលប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ខណៈអាកាសធាតុមានភាពប្រសើរឡើង»។
ការិយាល័យការពារជនស៊ីវិល ក្នុងទីក្រុងម៉ានីល បានរាយការណ៍មុននេះថា មានមនុស្សស្លាប់ ៣នាក់ផ្សេងទៀតនៅលើកោះក្បែរនោះ Masbate និង Ticao ក្នុងនោះមានរួមទាំង ២នាក់ ត្រូវដើមឈើ និងជញ្ជាំងរបងសង្កត់ ដែលដួលរលំដោយសារខ្យល់ខ្លាំង។
ព្យុះត្រូពិក Bualoi កើតមានឡើងក្រោយព្យុះទីហ្វុង Ragasa ដែលបានសម្លាប់មនុស្ស ១៤នាក់នៅភាគខាងជើងហ្វីលីពីន។ ទីភ្នាក់ងារអាកាសធាតុរដ្ឋរបស់ហ្វីលីពីន បានឲ្យដឹងថា ព្យុះត្រូពិកនេះ បាននិងកំពុងបក់បោកឆ្លងកាត់សមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែកញ្ញានេះ ជាមួយនឹងកម្លាំងខ្យល់ព្យុះទីហ្វុង ក្នុងល្បឿន ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វាត្រូវបានគេព្យាករថា នឹងទៅកៀកម្ដុំឆ្នេរភាគកណ្តាលរបស់វៀតណាម នៅរសៀលថ្ងៃទី២៨ ខែកញ្ញា៕