រដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី បានកើតមានរញ្ជួយដីកម្រិត ៣.៥រ៉ិចទ័រ នៅថ្ងៃសៅរ៍ (ទី២៧ ខែកញ្ញា) នេះ ដែលការរញ្ជួយចុងក្រោយបង្អស់ ក្នុងរយៈពេលមួយខែ។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បានឲ្យដឹងតាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គមថា រញ្ជួយដីបានកើតឡើងនៅម៉ោងប្រហែល ៩:០៤នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយមានចម្ងាយ ២៥គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុង Batu Pahat ក្នុងជម្រៅ ១០គីឡូម៉ែត្រ។
អាជ្ញាធរបានប្រាប់ទៀតថា រំញ័រអាចនឹងមាននៅក្នុងតំបន់ជុំវិញទីក្រុង Batu Pahat។ រញ្ជួយដីជាបន្តបន្ទាប់ បានវាយប្រហារនៅរដ្ឋ Johor កាលពីចុងខែសីហា ដោយមានកម្រិតពី ២,៥ ទៅ ៤,១រ៉ិចទ័រ ហើយការរញ្ជួយ បានកើតឡើងនៅទូទាំងរដ្ឋជាច្រើន។
អ្នកជំនាញភូគព្ភសាស្ត្រ បានលើកឡើងថា ការរញ្ជួយដីទាំងនេះ ជាការរំលឹកថា ឧបទ្វីបម៉ាឡេស៊ី សិង្ហបុរី និងតំបន់ជុំវិញ មិនអាចគេចផុតពីគ្រោះមហន្តរាយធម្មជាតិដែលអាចបង្កឲ្យមានការរញ្ជួយខ្លាំង និងធ្វើឲ្យមានការខូចខាតដល់មនុស្ស និងទ្រព្យសម្បត្តិ៕