អ៊ុយក្រែន៖ ទីក្រុងគៀវរបស់អ៊ុយក្រែនបានជំរុញឲ្យក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនចេញពីព្រំដែនរបស់អ៊ុយក្រែន និងបន្តចរចាជាមួយលោកខាងលិច ប្រសិនបើខ្លួនពិតជាមានបំណងចង់បន្ធូរបន្ថយភាពតានតឹងដែលកើនឡើងខ្លាំង ស្របពេលមានក្ដីបារម្ភពីការចូលឈ្លានពានរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយលើបណ្ដាញសង្គម Twitter ថា ប្រទេសរុស្ស៊ីត្រូវតែបន្តការចូលរួមកិច្ចការទូតផ្សេងៗ និងដកកងកម្លាំងយោធាចេញ ដែលខ្លួនបានដាក់ពង្រាយនៅតាមព្រំដែនរបស់អ៊ុយក្រែន និងនៅក្នុងតំបន់នានារបស់អ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់បណ្ដោះអាសន្ន។ ទន្ទឹមនឹងនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបាននិយាយថា ពួកគេឈានជិតដល់កិច្ចព្រមព្រៀង ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញសកម្មភាពរបស់ខ្លួនទៅលើអ៊ុយក្រែន ហើយរដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួននឹងដាក់ចេញច្បាប់ថ្មីមួយនៅសប្ដាហ៍នេះ ដើម្បីពង្រីកទំហំទណ្ឌកម្មដែលអាចដាក់លើរុស្ស៊ី ដែលបានពង្រាយកងទ័ពរាប់ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន។
រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនចង់បានទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងច្រានចោលថា ខ្លួនពុំបានគំរាមអ៊ុយក្រែនឡើយ ប៉ុន្តែបានចោទប្រកាន់សម្ព័ន្ធណាតូថា ទាញយកអ៊ុយក្រែនធ្វើជាសម្ព័ន្ធមិត្ត។ ប្រមុខអង្គការណាតូបាននិយាយថា សម្ព័ន្ធនេះគ្មានផែនការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីទេ៕
អត្ថបទ៖ សុខមាន