ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) បានលើកឡើងថា កិច្ចពិភាក្សា ស្តីពីតំបន់ហ្កាហ្សាជាមួយបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា មានភាពតានតឹង ហើយបញ្ជាក់ថា អ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានដឹងអំពីការកិច្ចចរចា ដែលលោកបាននិយាយថា នឹងបន្តធ្វើតាមតម្រូវការចាំបាច់។
លោក Trump បានជួបមេដឹកនាំ និងមន្ត្រីមកពីប្រទេស ដែលភាគច្រើនជាមូស្លីម ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សា អំពីស្ថានភាព នៅតំបន់ហ្កាហ្សា ជាទីដែលបានស្ថិតនៅក្រោមការវាយលុកកាន់តែខ្លាំងឡើងៗ ពីសម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន គឺអ៊ីស្រាអែល។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា លោក Trump បានបង្ហាញសំណើដល់មេដឹកនាំទាំងនោះ ដែលរួមមានផែនការសន្តិភាពមជ្ឈិមបូព៌ាចំនួន ២១ចំណុច។
លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា៖ «ការចរចាដ៏តានតឹង បានបន្តអស់រយៈពេល ៤ថ្ងៃ ហើយនឹងបន្តរយៈពេលយូរបន្ថែមទៀតតាមតម្រូវការចាំបាច់ ដើម្បីទទួលបានកិច្ចព្រមព្រៀងដែលត្រូវបានបញ្ចប់ដោយជោគជ័យ។ គ្រប់ប្រទេសនៅក្នុងតំបន់ គឺពាក់ព័ន្ធទាំងអស់»។
លោកបានសន្យាបញ្ចប់សង្គ្រាមឲ្យឆាប់រហ័ស ប៉ុន្តែដំណោះស្រាយ នៅតែមានភាពពិបាកដដែល សម្រាប់រយៈពេល ៨ខែ ក្នុងអាណត្តិរបស់លោក។ អាណត្តិរបស់លោក បានចាប់ផ្តើមជាមួយនឹងបទឈប់បាញ់រយៈពេល ២ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានបញ្ចប់នៅពេលដែលការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៤០០នាក់ កាលពីថ្ងៃទី១៨ ខែមីនា។
លោក Trump បានសរសេរថា៖ «ក្រុមហាម៉ាស់ដឹងយ៉ាងច្បាស់លាស់ អំពីការពិភាក្សាទាំងនេះ ហើយអ៊ីស្រាអែល ត្រូវបានជូនដំណឹងនៅគ្រប់កម្រិតទាំងអស់»។ តែយ៉ាងណាក្ដី ការបង្ហោះរបស់លោក មិនបានរៀបរាប់លម្អិតបន្ថែមឡើយ ប៉ុន្តែបានចាត់ទុកការពិភាក្សាថា «ជាការបំផុសគំនិត និងមានផលិតភាព»៕