ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នាថ្ងៃសៅរ៍ (ទី២៧ ខែកញ្ញា) នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានណែនាំដល់ធនធានទាំងអស់ដែលត្រូវប្រើប្រាស់គាំទ្រដល់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេស «ប្រឹងប្រែងធ្វើឲ្យអាវុធនុយក្លេអ៊ែរមានភាពមុតស្រួច ទាំងសម្រាប់ជាខែលការពារ និងវាយប្រហារ» ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ឬ KNCA បានឲ្យដឹងថា លោក គីម បានជួបមន្ត្រីធំៗ និងអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីថ្ងៃទី២៦ ខែកញ្ញា ហើយបាននិយាយថា វាជា «អាទិភាពដ៏សំខាន់បំផុតជាងគេ» របស់ប្រទេស ដើម្បីអភិវឌ្ឍសមត្ថភាពឆ្លើយតបនុយក្លេអ៊ែរបន្ថែមទៀត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋមួយនេះ បានរាយការណ៍ថា៖ «សមមិត្ត គីម ជុងអ៊ុន បានបញ្ជាក់ថា យើងត្រូវធ្វើឲ្យកាន់តែមានភាពមុតស្រួចជាលំដាប់ និងអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ ទាំងជាខែលការពារ និងវាយប្រហារ ដែលអាចធានាបាននូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ និងសិទ្ធិក្នុងការអភិវឌ្ឍរបស់ជាតិ»។
គួរដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា កូរ៉េខាងជើងបានបន្តកម្មវិធីអាវុធនុយក្លេអ៊ែរអស់ជាច្រើនទសវត្សរ៍មកហើយ ក្នុងនោះមានរួមទាំងប្រតិបត្តិការសម្ងាត់ ដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលអាចឲ្យមានការផលិតអាវុធនុយក្លេអ៊ែរបានដល់ ២០គ្រាប់ជារៀងរាល់ឆ្នាំ៕