អង្គការណាតូ (NATO) បានសម្ងែងសាច់ដុំរបស់ខ្លួន នៅសមុទ្រខាងជើង (North Sea) ក្នុងសប្តាហ៍នេះ ដែលជាការបង្ហាញកម្លាំងយោធា ខណៈដែលរុស្ស៊ីត្រូវបានរាយការណ៍ថា បានសាកល្បងសមត្ថភាពការពាររបស់សម្ព័ន្ធមិត្តយោធាមួយនេះ នៅប៉ែកខាងកើត។
យន្តហោះចម្បាំង F-18 បានចតតម្រៀបជួរនៅលើនាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់ពិភពលោក អមដោយនាវាចំនួន ២០គ្រឿង និងមានបុគ្គលិកយោធាប្រមាណជា ១០.០០០នាក់ មកពី ១៣ប្រទេស។ នាវាពិឃាតអាមេរិក រួមជាមួយនាវាចម្បាំងបារាំង និងដាណឺម៉ាក បានអមដំណើរនាវាខ្នាតយក្ស USS Gerald R. Ford នៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ដែលជាផ្នែកនៃសមយុទ្ធ Neptune Strike 25-3 របស់អង្គការណាតូ។
យន្តហោះចម្បាំង F-35 និង F-18 បានហោះពីខាងលើ ក្នុងទម្រង់ជាគ្រាប់ពេជ្រនៅពីក្រោយយន្តហោះ E-2 Hawkeye ដើម្បីជាការបង្ហាញសមត្ថភាព និងការសាកល្បងការសម្របសម្រួលរបស់ពួកវា នៅពេលមានភាពតានតឹងខ្លាំងជាមួយទីក្រុងមូស្គូ។
បើយោងតាមក្រសួងការពារជាតិអាល្លឺម៉ង់ បានឲ្យដឹងថា មួយថ្ងៃមុនពេលមានសមយុទ្ធ យន្តហោះឈ្លបយកការណ៍រុស្ស៊ី បានហោះ ៣ដងលើនាវាចម្បាំងអាល្លឺម៉ង់ Hamburg នៅរយៈកម្ពស់ទាបបំផុត ក្នុងសមុទ្របាល់ទិកកាលពីថ្ងៃទី២១ ខែកញ្ញា។ អ្នកនាំពាក្យក្រសួងបាននិយាយថា៖ «យើងចាត់ទុកទង្វើនេះថា គ្មានវិជ្ជាជីវៈ និងមិនសហការ»។
គួរបញ្ជាក់ថា សមយុទ្ធរបស់អង្គការណាតូនេះ បានចាប់ផ្តើមនៅថ្ងៃតែមួយដែលនៅចម្ងាយប៉ុន្មានរយគីឡូម៉ែត្រ «យានដ្រូនធំៗ ៣ ឬ ៤គ្រឿង» បានហោះពីលើអាកាសយានដ្ឋាន នៅទីក្រុង Copenhagen ដោយបានរំខានដល់ចរាចរណ៍ផ្លូវអាកាស។ ហើយលោកស្រី Mette Frederiksen នាយករដ្ឋមន្រ្តីនៃប្រទេសដាណឺម៉ាក បានព្រមានថា «ការវាយប្រហារកូនកាត់» ទាំងនេះ អាចកើនឡើងខ្លាំងទៅៗ៕

