បាល់ទាត់៖ អតីតខ្សែបម្រើ និងអ្នកចាត់ការតោខៀវ Chelsea, Frank Lampard បានបញ្ចប់រួចរាល់ក្នុងការចុះហត្ថលេខាដឹកនាំក្រុម Everton ជាមួយនឹងកិច្ចសន្យា ២ឆ្នាំកន្លះ។ បុរសវ័យ ៤៣ឆ្នាំរូបនេះបានមកបន្តតំណែងពីអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Rafael Benitez ដែលត្រូវបានបណ្តេញចេញកាលពីដើមខែក្រោយដឹកនាំឈ្នះតែ ១ ក្នុង ១៣ប្រកួតចុងក្រោយ។
តាមពិតទៅ Everton និង Lampard បានព្រមព្រៀងគ្នាតាំងពីថ្ងៃសុក្រនៅពេល Everton ជួបសម្ភាសន៍ជាមួយបេក្ខភាពថ្មីដែលរួមមានទាំងគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ Vitor Pereira និងអ្នកចាត់ការបណ្តោះអាសន្នបច្ចុប្បន្ន Duncan Ferguson។ Frank Lampard ដែលនៅទំនេរពីការងារតាំងពី Chelsea បញ្ចប់តំណែងឆ្នាំមុននោះ នឹងដឹកនាំ Everton ប្រកួតដំបូងនៅថ្ងៃសៅរ៍នេះជុំទី៤ FA Cup ជួបជាមួយ Brentford នៅ Goodison Park មុននឹងបន្តជួបជាមួយ Newcastle United នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ Everton ជាមួយគ្នានោះដែរក៏បានឈានដល់កិច្ចព្រមព្រៀងខ្ចីខ្សែបម្រើហូឡង់ Donny van der Beek ពីក្រុមបិសាចក្រហម Manchester United ផងដែរ៕
អត្ថបទ៖នាង សុភាវុធ