នៅក្នុងប្រវត្តិសាស្ត្រ ៨០ឆ្នាំរបស់ខ្លួន អង្គការសហប្រជាជាតិ (UN) មិនដែលមានស្ត្រីធ្វើជាអគ្គលេខាធិការនោះឡើយ ជាអ្វីដែលមេដឹកនាំពិភពលោកមួយចំនួន ឥឡូវនេះ ចាត់ទុកថា ជានិមិត្តរូបយ៉ាងច្បាស់ក្រឡែតនៃវិសមភាពយេនឌ័រនៅកម្រិតខ្ពស់បំផុតនៃការទូតសកល។
ដោយលោកអគ្គលេខាធិការ Antonio Guterres ដែលនឹងត្រូវបញ្ចប់អាណត្តិ ៥ឆ្នាំលើកទី២ របស់លោក នៅចុងឆ្នាំ២០២៦ ថ្នាក់ដឹកនាំខ្លះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ប្រចាំឆ្នាំ នាសប្តាហ៍នេះ បានបញ្ចេញសំឡេងអំពាវនាវឲ្យស្ត្រីបានកាន់តួនាទីនេះ។
ប្រធានាធិបតីអេស្តូនី លោក Alar Karis បាននិយាយថា៖ «វាជាពេលវេលាដ៏ស័ក្ដិសមណាស់ ដែលស្ត្រីត្រូវបានជ្រើសរើសជាអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)។ យើងត្រូវតែដាក់ចេញនូវលក្ខណៈវិនិច្ឆ័យជ្រើសរើសប្រកបដោយមហិច្ឆតា ការកំណត់ពេលវេលាច្បាស់លាស់ និងធានាបាននូវតួនាទីកាន់តែធំរបស់មហាសន្និបាត នៅក្នុងដំណើរការនេះ។ ដោយសារវិបត្តិភាពជឿជាក់របស់ UN នាពេលបច្ចុប្បន្ន យើងមិនអាចបង្កើតកំហុស ក្នុងដំណើរការជ្រើសរើសនោះឡើយ»។
ប្រធានាធិបតីស្លូវេនី លោកស្រី Nataša Pirc Musar បានថ្អូញថ្អែរថា មានតែស្ត្រី ៥រូបប៉ុណ្ណោះ ដែលបានកាន់តំណែងជាប្រធានរយៈពេលពេញមួយឆ្នាំនៃមហាសន្និបាតដែលមានសមាជិកចំនួន ១៩៣ប្រទេស ក្នុងនោះរួមទាំងឆ្នាំនេះផងដែរ។
ចំណែកក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស រួមទាំងប្រទេសមានអំណាចវេតូអចិន្ត្រៃយ៍ គឺអង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក ពិចារណាលើបញ្ជីឈ្មោះមិនបង្ហាញជាសាធារណៈ នៅក្នុងកិច្ចប្រជុំបិទទ្វារ ហើយផ្ដល់អនុសាសន៍ឲ្យបេក្ខជនត្រូវបានជ្រើសរើសដោយមហាសន្និបាត។
ដើម្បីលើកកម្ពស់តម្លាភាព មហាសន្និបាតក្នុងឆ្នាំ២០១៥ បានស្នើឲ្យប្រធានមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ អញ្ជើញសមាជិក UN តែងតាំងបេក្ខជន។ ហើយមហាសន្និបាតក៏បានអំពាវនាវឲ្យមានការផ្សព្វផ្សាយជាទៀងទាត់នូវឈ្មោះបេក្ខជន និងជីវប្រវត្តិទៅកាន់រដ្ឋជាសមាជិកផងដែរ។ អ្នកកាន់តំណែងអគ្គលេខាធិការ UN បន្ទាប់ នឹងត្រូវបានជ្រើសរើសនៅឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមអាណត្តិនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧៕

