ប្រព័ន្ធផ្សព្វផ្សាយ DR បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធ នៅថ្ងៃសៅរ៍ (ទី២៧ ខែកញ្ញា) នេះ បានឲ្យដឹងថា យានដ្រូនមិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រទះឃើញនៅជិតទីតាំងយោធា ក្នុងប្រទេសដាណឺម៉ាកពេញមួយយប់ ដោយនេះជាហេតុការណ៍ថ្មីមួយទៀត ដែលបានកើតឡើងបន្ទាប់ពីកាមានរលុកលុយរបស់យានដ្រូនជាច្រើនគ្រឿងនៅជិតអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងសប្តាហ៍នេះ។
យ៉ាងណាក្ដី កងកម្លាំងប្រដាប់អាវុធមិនបានបញ្ជាក់ពីទីកន្លែងដែលយានដ្រូនទាំងនោះត្រូវបានប្រទះឃើញនោះទេ។ តែទីភ្នាក់ងារសារព័ត៌មាន Ritzau បានរាយការណ៍ថា នគរបាលបានប្រាប់ថា ពួកគេបានសង្កេតឃើញយានដ្រូន នៅជិតមូលដ្ឋានទ័ពអាកាស Karup នៅភាគខាងលិចដាណឺម៉ាក។
គួរជ្រាបថា អាកាសយានដ្ឋាន ក្នុងទីក្រុង Copenhagen ដែលជាកន្លែងមមាញឹកបំផុតក្នុងតំបន់នៃប្រទេសអឺរ៉ុបខាងជើង បានបិទអស់រយៈពេលជាច្រើនម៉ោង កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ខណៈដែលយានដ្រូនធំៗជាច្រើនគ្រឿង ត្រូវបានឃើញនៅក្នុងដែនអាកាសរបស់ខ្លួន។ ជាមួយគ្នានេះ អាកាសយានដ្ឋានតូចៗចំនួន ៥ ទាំងស៊ីវិល និងយោធា ក៏ត្រូវបានបិទជាបណ្ដោះអាសន្នផងដែរ នៅប៉ុន្មានថ្ងៃបន្ទាប់។
អាជ្ញាធរដាណឺម៉ាកបានចាត់ទុកថា ទាំងនេះគឺជាការវាយប្រហារលុកលុយកូនកាត់ ហើយនាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen បាននិយាយកាលពីដើមសប្តាហ៍នេះថា វាគឺជា «ការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ដាណឺម៉ាករហូតមកដល់បច្ចុប្បន្ន»៕


