រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយថា ប្រទេសរបស់លោកពុំមានចេតនាវាយប្រហាររដ្ឋសហភាពអឺរ៉ុប ឬរដ្ឋសមាជិកណាតូទេ ប៉ុន្តែបានព្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការឈ្លានពាន ណាមួយដែលសំដៅទៅលើទីក្រុងមូស្គូ។
នៅក្នុងសុន្ទរកថាដ៏ទូលំទូលាយមួយដែលបានថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ លោក Lavrov បាននិយាយថា ការគំរាមកំហែងប្រឆាំងនឹងប្រទេសរុស្ស៊ីដោយបណ្តាប្រទេសលោកខាងលិចកំពុងក្លាយជាជារឿងធម្មតាកាន់តែខ្លាំង។
លោកក៏បានដាក់គោលដៅលើអ៊ីស្រាអែលផងដែរ ដោយនិយាយថា ខណៈរុស្ស៊ីថ្កោលទោសការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាសនោះ មិនមានហេតុផល សម្រាប់ការសម្លាប់យ៉ាងព្រៃផ្សៃលើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ឬសម្រាប់ផែនការដាក់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធរបសអ៊ីស្រាអែល នោះទេ។
មនុស្សយ៉ាងហោចណាស់៦៥.៩២៦ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ខណៈមនុស្សប្រហែល ១.២០០នាក់ត្រូវបានសម្លាប់ និង២៥១ នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលានោះ។
ទីក្រុងមូស្គូបានបដិសេធមិនទទួលខុសត្រូវ បន្ទាប់ពីប្រទេសដាណឺម៉ាកបាននិយាយថា យានដ្រូនជាច្រើនគ្រឿង ត្រូវបានហោះហើរពីលើអាកាសយានដ្ឋានរបស់ខ្លួន។ ប្រទេសដាណឺម៉ាកខ្លួនឯងក៏ពុំមានភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់រុស្ស៊ីដែរ៕