ក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃសៅរ៍ ២៧ កញ្ញា ថា ក្រុមហាម៉ាសពុំបានទទួលផែនការបទឈប់បាញ់នៅតំបន់ហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump's ទេ ខណៈកងកម្លាំងអ៊ីស្រាអែលបានពង្រីកការវាយលុកលើទីក្រុងហ្កាហ្សា។
ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីកាសែតអ៊ីស្រាអែល Haaretz បានដកស្រង់ប្រភពនានាដែលនិយាយថាក្រុមហាម៉ាស បានយល់ព្រមជាគោលការណ៍ដើម្បីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលខ្លួនឃុំជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ និងការដកទ័ពអ៊ីស្រាអែលបន្តិចម្តងៗក្រោមផែនការរបស់លោក Trump ។
សារព័ត៌មាន Haaretz រាយការណ៍ថា នៅក្នុងសំណើក៏មានរួមបញ្ចូលផងដែរនូវការបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាសលើដែនដីហ្កាហ្សា ហើយអ៊ីស្រាអែលយល់ព្រមមិនបញ្ចូលទឹកដីជាឧបសម្ព័ន្ធ និងបណ្តេញជនជាតិប៉ាឡេស្ទីនដែលរស់នៅទីនោះចេញ។
មន្ត្រីហាម៉ាសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន រ៉យទ័រថា ក្រុមហាម៉ាសមិនត្រូវបានបង្ហាញពីផែនការណាមួយទេ។
នៅក្នុងការអត្ថាធិប្បាយរបស់លោកទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ដែលលោកបាននិយាយថា វាហាក់ដូចជាយើងមានកិច្ចព្រមព្រៀងលើតំបន់ហ្កាហ្សា លោក Trump ពុំបានផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនោះទេ ហើយក៏ពុំបានផ្តល់ពេលវេលានោះដែរ។ អ៊ីស្រាអែលពុំទាន់ឆ្លើយតបជាសាធារណៈចំពោះការលើកឡើងរបស់លោក Trump ទេ៕