ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានអំពាវនាវឱ្យអ៊ីរ៉ង់កុំបង្កើនភាពតានតឹង និងបន្តការចរចា បន្ទាប់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ឡើងវិញកាលពីថ្ងៃសៅរ៍។
ប្រទេសទាំងបីបាននិយាយថាពួកគេ "គ្មានជម្រើស" ក្រៅតែពីនាំយកមកវិញនូវវិធានការណ៍ដ៏ខ្លាំងក្លាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ជាជម្រើសចុងក្រោយជុំវិញការកើនឡើងនុយក្លេអ៊ែរជាបន្តបន្ទាប់ និងកង្វះកិច្ចសហប្រតិបត្តិការ។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងជំរុញឱ្យអ៊ីរ៉ង់បដិសេធរាល់សកម្មភាពកើនឡើង ហើយថាការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិមិនមែនជាការបញ្ចប់នៃច្រកការទូតនោះទេ ។
លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានទទូចកាលពីសប្តាហ៍មុនថា ប្រទេសនេះគ្មានចេតនាក្នុងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទេ ហើយបានថ្កោលទោសការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញថា អយុត្តិធម៌ លម្អៀង និងខុសច្បាប់។
ទណ្ឌកម្មសេដ្ឋកិច្ច និងយោធាដ៏ធំធេងរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ឡើងវិញលើប្រទេសអ៊ីរ៉ង់នៅម៉ោង ០០ម៉ោងសកល កាលពីថ្ងៃសៅរ៍ មួយទសវត្សរ៍បន្ទាប់ពីទណ្ឌកម្មទាំងនោះ ត្រូវបានដកចេញនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់មួយជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕