ក្រុមអាជ្ញាធរបារាំងបាននិយាយថា ស្ត្រីពីរនាក់បានស្លាប់កាលពីព្រឹកថ្ងៃសៅរ៍ ខណៈកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្ររបស់អង់គ្លេស ពីប្រទេសបារាំង ទៅកាន់ចក្រភពអង់គ្លេសនៅលើទូកចាស់មួយដែលដឹកជនអន្តោប្រវេសន៍ដទៃទៀត។
ខេត្ត Pas-de-Calais ភាគខាងជើងរបស់ប្រទេសបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញស្ត្រីដែលគាំងបេះដូង ប៉ុន្តែមិនអាចជួយសង្គ្រោះពួកគេបានទេ ។ប្តីប្រពន្ធមួយគូ និងកូនរបស់ពួកគេដែលមានការថយចុះកម្តៅក្នុងខ្លួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង ប៊ូលុនជ៍ (Boulogne)របស់បារាំង ។
ឧបទ្ទវហេតុនេះបានកើតឡើងក្បែរឆ្នេរសមុទ្រនៃទីប្រជុំជនតូចមួយ នូឆាតេល-ហាដេឡត (Neufchatel-Hardelot )។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ជនអន្តោប្រវេសន៍ជាង៦០ នាក់ត្រូវបានជួយសង្គ្រោះពេញមួយយប់។ អភិបាលខេត្តខាងលើបាននិយាយថា នគរបានបានរារាំងការប៉ុនប៉ងជាច្រើនដងក្នុងការឆ្លងកាត់។
យោងតាមខេត្តនេះ ជនអន្តោប្រវេសន៍១៧ នាក់បានស្លាប់ចាប់តាំងពីដើមឆ្នាំនេះ ខណៈព្យាយាមទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗពីឆ្នេរសមុទ្រនៃតំបន់ Pas-de-Calaisរបស់ប្រទេសបារាំង ៕