ប្រទេសវៀតណាមបានបិទអាកាសយានដ្ឋាន និងជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៅថ្ងៃអាទិត្យ ២៨ កញ្ញា ខណៈព្យុះទីហ្វុង ប៊ូអាឡយ (Bualoi) កាន់តែខ្លាំងក្លាបានបោកបក់ឆ្ពោះទៅកាន់ប្រទេសនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់ស្លាប់ និងបង្កទឹកជំនន់នៅក្នុងប្រទេសហ្វីលីពីន។
យោងតាមទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិរបស់ប្រទេសវៀតណាម បានឱ្យដឹងថា ព្យុះទីហ្វុងដែលមានល្បឿនខ្យល់រហូតដល់១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង គិតត្រឹមម៉ោង ៩ ព្រឹក ម៉ោងក្នុងស្រុក ត្រូវគេរំពឹងថានឹងបោកបក់លើភាគកណ្តាលប្រទេសវៀតណាមនៅល្ងាចថ្ងៃអាទិត្យនេះ លឿនជាងការព្យាករណ៍កន្លងទៅ ដោយសារព្យុះនេះ កំពុងបោះពួយយ៉ាងលឿន។
ទីភ្នាក់ងារនេះបានបន្ថែមថា នេះគឺជាព្យុះដែលមានចលនាយ៉ាងលឿន ជិតពីរដងនៃល្បឿនជាមធ្យម ដោយមានកម្លាំងខ្លាំង និងផលប៉ះពាល់ច្រើន។ ព្យុះនេះអាចបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិជាច្រើនក្នុងពេលដំណាលគ្នា រួមទាំងខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ទឹកជំនន់ដ៏គំហុក បំណាក់ដី និងការជន់លិចតាមឆ្នេរសមុទ្រ ។
រដ្ឋាភិបាលបាននិយាយថា អាជ្ញាធរនៅភាគកណ្តាលនៃខេត្ត Ha Tinh បានចាប់ផ្តើមជម្លៀសមនុស្សជាង១៥.០០០នាក់ ដោយបន្ថែមថា ទាហានរាប់ពាន់នាក់បានត្រៀមខ្លួនរួចរាល់ហើយ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយថា ប្រទេសវៀតណាមបានផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានឆ្នេរចំនួនបួនចាប់ពីថ្ងៃអាទិត្យនេះ រួមទាំងអាកាសយានដ្ឋានអន្តរជាតិ Da Nang និងបានកែសម្រួលពេលវេលាចេញដំណើរនៃជើងហោះហើរជាច្រើនផងដែរ៕