ក្រុមហាម៉ាស បានចេញនូវអ្វីដែលខ្លួនហៅថា "ការព្រមាន" ដល់អ៊ីស្រាអែលថា ជីវិតរបស់ចំណាប់ថ្នូរ ២នាក់នៅទីក្រុងហ្កាហ្សា កំពុងតែស្ថិតក្នុងគ្រោះថ្នាក់ នៅពេលដែលរថក្រោះអ៊ីស្រាអែល បន្តវាយរុញចូលជ្រៅទៅក្នុងសង្កាត់លំនៅឋានជាច្រើនកន្លែងក្នុងកណ្តាលក្រុងហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ជាប់ខ្លួនក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមប៉ាឡេស្ទីនហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ កញ្ញា) ថា ខ្លួនបានបាត់ទំនាក់ទំនងជាមួយយុទ្ធជនដែលមើលថែចំណាប់ថ្នូរ ២នាក់ឈ្មោះ Omri Miran និង Matan Angrest បន្ទាប់ពី "ប្រតិបត្តិការយោធាក្នុងសង្កាត់ Sabra និង Tal al-Hawa ក្នុងពេល ៤៨ម៉ោងចុងក្រោយនោះ"។
អង្គភាពហាម៉ាសនេះបន្តថា៖ "ជីវិតអ្នកទាំង ២នាក់នោះស្ថិតក្នុងគ្រោះថ្នាក់យ៉ាងពិតប្រាកដ ហើយកម្លាំងអ៊ីស្រាអែល ត្រូវតែដកចេញភ្លាមៗទៅភាគខាងត្បូង និងបញ្ឈប់ការវាយប្រហារតាមអាកាស ២៤ម៉ោង ចាប់ពីម៉ោងក្នុងស្រុក ៦ល្ងាច រហូតដល់ចំណាប់ថ្នូរទាំង ២នាក់នោះត្រូវនាំមកវិញបាន"។
ក្រុមហាម៉ាស បានចេញផ្សាយ "រូបភាពលាគ្នាចុងក្រោយ" នៃចំណាប់ថ្នូរនៅហ្កាហ្សា ក្នុងខែនេះ ក្នុងការប៉ុនប៉ងមួយផ្សេងទៀតដើម្បីបញ្ឈប់កងទ័ពអ៊ីស្រាអែល មិនឱ្យវាយលុកកាន់តែខ្លាំងលើដែនដីហ្កាហ្សា។ អ៊ីស្រាអែលនិយាយថា នៅសល់ចំណាប់ថ្នូរ ៤៨នាក់ទៀតនៅតំបន់ហ្កាហ្សា ក្នុងនោះមានអ្នកនៅរស់ ២០នាក់។ យ៉ាងណាមិញ អ៊ីស្រាអែលបដិសេធមិនបញ្ឈប់សង្រ្គាមនោះទេ បើទោះបីជាមានការខឹងសម្បារជាអន្តរជាតិកាន់តែខ្លាំងឡើង និងការអំពាវនាវពីហ្វូងបាតុករអ៊ីស្រាអែល ឱ្យធ្វើកិច្ចព្រមព្រៀងដ៏ទូលំទូលាយដើម្បីបញ្ចប់សង្រ្គាម និងនាំយកចំណាប់ថ្នូរទាំងអស់មកវិញក៏ដោយ៕

