ភ្នំពេញ៖ នៅថ្ងៃសែននៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមឆ្នាំនេះ សម្រាប់រាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយល្អប្រសើរ បងប្អូនដែលជាសែស្រឡាយចិនបានអុជ ទៀន ធូប តាមទំនៀមទម្លាប់របស់ខ្លួន ដោយមិនមានបញ្ហាអសន្តិសុខ ឬបំពានការជូនដំណឹងរបស់សាលារាជធានីភ្នំពេញនោះទេ។
នាថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែលត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ ហើយក៏ត្រូវជាថ្ងៃសែនចូលឆ្នាំចិន បងប្អូនប្រជាពលរដ្ឋដែលជាសែស្រឡាយចិនបានអុជ ទៀន ធូប តាមទំនៀមទម្លាប់របស់ខ្លួន ដោយមិនមានបញ្ហាអសន្តិសុខ ឬបំពានការជូនដំណឹងរបស់សាលារាជធានីភ្នំពេញនោះទេ ខណៈដែលសមត្ថកិច្ចតាមមូលដ្ឋានក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តនូវបំរាមមួយចំនួនក្នុងថ្ងៃសែនចូលឆ្នាំចិន និងវៀតណាមនេះ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមនេះ ដោយមានការហាមឃាត់នូវបញ្ហាមួយចំនួន និងការយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ផងដែរ។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញក៏នឹងចាត់វិធានការច្បាប់ចំពោះជនណាដែលបំពានលើសេចក្តីណែនាំ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា
