មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បាននិយាយថា នគរបាលក្នុងប្រទេសឥណ្ឌា បានចុះបញ្ជីករណីព្រហ្មទណ្ឌប្រឆាំងមេដឹកនាំគណបក្សនយោបាយរបស់តារាសម្តែង លោក Vijay នៅរដ្ឋ Tamil Nadu បន្ទាប់ពីការរត់ជាន់គ្នាក្នុងពិធីជួបជុំរបស់លោកដែលបានបណ្តាលឲ្យមនុស្ស ៣៩ នាក់ស្លាប់។

អ្នកស្លាប់រួមមានទាំងកុមារ ហើយមនុស្សជាង៥០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការរត់ជាន់គ្នា នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូង ជាកន្លែងដែលលោក Vijay កំពុងធ្វើយុទ្ធនាការសម្រាប់គណបក្ស Tamilaga Vettri Kazhagam (TVK)របស់លោកនៅមុនការបោះឆ្នោតរដ្ឋនៅដើមឆ្នាំក្រោយ។

នគរបាលរដ្ឋ Tamil Nadu បានដាក់ពាក្យបណ្តឹង ជាចំណាត់ការដំបូងឈានទៅរកការចោទប្រកាន់ដ៏មានសក្តានុពល «ប្រឆាំងមេដឹកនាំជាន់ខ្ពស់របស់គណបក្ស ហើយការស៊ើបអង្កេតកំពុងធ្វើឡើង»។
មន្ត្រីនគរបាលនិយាយថា «ដំបូងឡើយ គណបក្ស TVK បានសុំការអនុញ្ញាតសម្រាប់ការជួបជុំមនុស្ស ១ ម៉ឺននាក់ ប៉ុន្តែចំនួនមនុស្សពិតប្រាកដមានចំនួនច្រើនជាងនេះទ្វេដង»។
លោក Vijay ជាតារាសម្តែងដែលអាចរកប្រាក់បានច្រើនបំផុតរបស់រោងភាពយន្ត Tamil ក្នុងរយៈពេល៣ ទសវត្សរ៍មកនេះ ដែលបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនចាប់តាំងពីការចាប់ផ្តើមគណបក្សរបស់លោកកាលពីឆ្នាំមុន។ លោកបាននិយាយថាលោក «មានភាពសោកសៅជាខ្លាំង» ដោយសារតែឧបទ្ទវហេតុរត់ជាន់គ្នានេះ ហើយសន្យាថានឹងគាំទ្រដល់គ្រួសារជនរងគ្រោះ។

រដ្ឋមន្ត្រីប្រចាំរដ្ឋ Tamil Nadu លោក M.K. Stalin បានប្រកាសផ្តល់សំណងចំនួន១លានរូពី (១១.៣០០ ដុល្លារ) ក្នុងមួយគ្រួសារ ហើយរដ្ឋបានតែងតាំងគណៈកម្មការមួយក្រុមដឹកនាំដោយចៅក្រមចូលនិវត្តន៍ដើម្បីស៊ើបអង្កេតពីមូលហេតុនៃការរត់ជាន់គ្នានេះ។