ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសទាំងពីរបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានជួបជាមួយប្រមុខការទូតរបស់ចិន លោក Wang Yi នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ (២៨ កញ្ញា) ក្នុងអំឡុងដំណើរទស្សនកិច្ចលើកទីពីររបស់ប្រមុខការទូតកូរ៉េខាងជើង ទៅកាន់រដ្ឋធានីចិន ក្នុងពេលត្រឹមតែមួយខែប៉ុណ្ណោះ។

ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Wang បានប្រាប់លោកស្រី Choe ថា "ចិន មានឆន្ទៈក្នុងការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ឈ្មោះពេញផ្លូវការរបស់កូរ៉េខាងជើង) ក្នុងកិច្ចការអន្តរជាតិ និងតំបន់"។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA រាយការណ៍ថា លោកស្រី Choe បានពាំនាំសារមួយពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមិនផ្លាស់ប្តូរឡើយ ហើយគួរតែអភិវឌ្ឍបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសម័យកាល។ ក្រសួងចិននិយាយថា លោក Wang ប្រាប់ទៅលោកស្រី Choe ថា ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរអភិបាលកិច្ច ហើយក៏ប្រាប់លោកស្រីពីស្ថានភាពក្នុងស្រុករបស់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរនេះ បានធ្វើឡើងនៅពេលដែលប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ នៅទីក្រុង Gyeongju៕

