ព្យុះទីហ្វុង Bualoi បានវាយប្រហារដល់ដីគោកនៅភាគខាងជើងប៉ែកកណ្តាលរបស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃចន្ទ (២៩ កញ្ញា) នេះ ដោយបំផ្លិចបំផ្លាញផ្ទះសម្បែង និងបណ្តាញអគ្គិសនី ដោយសម្លាប់យ៉ាងហោចណាស់ម្នាក់ និងអ្នកនេសាទចំនួន ១២នាក់បានបាត់ខ្លួន ខណៈព្យុះបាននាំមកនូវភ្លៀងធ្លាក់ និងទឹកជំនន់ដ៏ធំ។

យោងតាមទីភ្នាក់ងារព្យាករអាកាសធាតុជាតិវៀតណាម បានឱ្យដឹងថា ព្យុះទីហ្វុង Bualoi បានបោកបក់លើខេត្ត Nghe An នៅម៉ោងក្នុងស្រុក ០៨:០០ព្រឹក ជាមួយនឹងល្បឿនខ្យល់អតិបរមា ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ដោយធ្លាក់ពីកម្រិត ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង នៅមុនពេលវាយប្រហារ។

ទីភ្នាក់ងារអាកាសធាតុជាតិបន្តថា មុនពេលបោកបក់ដល់ដីគោក ព្យុះ Bualoi បានបក់តាមបណ្តោយឆ្នេរសមុទ្ររបស់វៀតណាមអស់ជាច្រើនម៉ោង ដោយបង្កឱ្យមានរលកកម្ពស់ដល់ទៅ ៨ម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីលង់ទឹកក្នុងទីក្រុង Hue ហើយអ្នកនេសាទ ១២នាក់បានបាត់ខ្លួន ក្រោយពីរលកធំៗបានពន្លិចទូកនេសាទ ៤គ្រឿង នៅខេត្ត Quang Tri ។
មុនពេលព្យុះទីហ្វុងនេះវាយប្រហារ រដ្ឋាភិបាលបានជម្លៀសមនុស្សជាង ២៨.៥០០នាក់រួចទៅហើយ ខណៈជើងហោះហើររាប់រយជើងត្រូវបានលុបចោល ឬពន្យារពេល ហើយអាកាសយានដ្ឋានចំនួន៤ នៅក្នុងខេត្តភាគកណ្តាល ត្រូវបានបិទ។ ព្យុះបានបង្អុលភ្លៀងយ៉ាងខ្លាំងពាសពេញវៀតណាម តាំងតែពីថ្ងៃសៅរ៍មក ហើយអាជ្ញាធរបានព្រមានពីហានិភ័យនៃទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីធ្ងន់ធ្ងរ៕