អនុប្រធានាធិបតីអាមេរិកលោក JD Vance កាលពីថ្ងៃអាទិត្យ បានការពារការផ្លាស់ប្ដូរជំហរនាពេលថ្មីៗនេះរបស់ប្រធានាធិបតីលោក Donald Trump សម្រាប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ចំពោះការបាត់បង់ជីវិតមនុស្ស និងផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី។
លោក Vance បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី Fox News Sunday ថា សេដ្ឋកិច្ចរុស្ស៊ីស្ថិតក្នុងភាពរអាក់រអួល។ រុស្ស៊ីមិនសូវទទួលបានផលច្រើននៅលើសមរភូមិទេ។ វាដល់ពេលហើយសម្រាប់ពួកគេក្នុងការស្តាប់ការអង្វរដ៏រំភើបរបស់លោកដើម្បីឱ្យពួកគេវិលមកតុចរចា ហើយនិយាយដោយស្មោះអំពីសន្តិភាពនៅអ៊ុយក្រែន។
លោកបានបន្ថែមថា ខ្ញុំគិតថាអ្វីដែលបានផ្លាស់ប្តូរគឺការពិតនៅលើដី ដោយរុស្ស៊ីបានសម្លាប់មនុស្សយ៉ាងច្រើន ហើយពួកគេមិនមានអ្វីត្រូវបង្ហាញច្រើនសម្រាប់ហេតុការណ៍នេះទេ។
លោកថា រុស្ស៊ី ត្រូវតែភ្ញាក់ខ្លួននិងទទួលយកការពិត ចំពោះសង្គ្រាមដែលនៅតែបន្តនៅអ៊ុយក្រែន។
ក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន លោក Trump បាននិយាយថា សម្ព័ន្ធមិត្តណាតូគួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលរំលោភលើដែនអាកាសរបស់ពួកគេ។
លោកក៏បាននិយាយដែរថា អាមេរិកនឹងបន្តផ្គត់ផ្គង់សព្វាវុធដល់អង្គការណាតូ ដើម្បីឲ្យណាតូធ្វើអ្វីដែលពួកគេចង់ធ្វើ។ បន្ទាប់មក លោក Trump បានអះអាងថា អ៊ុយក្រែនមិនត្រឹមតែអាចឈ្នះសង្គ្រាមជាមួយរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដណ្តើមយកទឹកដីដែលបាត់បង់មកវិញផងដែរ៕