ទីក្រុង Sanya ភាគខាងត្បូងប្រទេសចិនបានផ្អាកជើងហោះហើរទាំងអស់ ហើយទីក្រុង Haikou ដែលនៅជិតខាង បានបិទកំពង់ផែរបស់ខ្លួន ខណៈកោះ Hainan ត្រៀមទប់ទល់ការមកដល់នៃព្យុះទីហ្វុងប៊ូអាឡយ ( Bualoi)កាលពីថ្ងៃអាទិត្យ។
ព្យុះ Bualoi ដែលលេចមុខក្រោយព្យុះទីហ្វុង Ragasa ត្រូវគេរំពឹងថានឹងបោកបក់លើកោះនេះ បន្ទាប់ពីបានវាយប្រហារប្រទេសវៀតណាមសម្លាប់មនុស្សមួយចំនួនរួចហើយនៅថ្ងៃចន្ទនេះ។
គិតត្រឹមម៉ោង១០ ព្រឹកថ្ងៃអាទិត្យ ចំណុចកណ្ដាលរបស់ព្យុះទីហ្វុងនេះ ស្ថិតនៅប្រហែល១៦០ គីឡូម៉ែត្រ ពីទីក្រុង Sanya ហើយភាគច្រើននៃកោះ Hainan ស្ថិតនៅក្នុងតំបន់ខ្យល់កម្រិតទី ៧ របស់ព្យុះទីហ្វុង គឺ ៥០ទៅ៦១ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមរដ្ឋបាលឧតុនិយមចិន។
នៅល្ងាចថ្ងៃអាទិត្យ អាជ្ញាធរអាកាសធាតុរបស់ទីក្រុង Sanya បាននិយាយថា ព្យុះទីហ្វុងកំពុងបោកបក់បន្តិចម្តងៗចេញពីទីក្រុងនេះ ប៉ុន្តែព្យុះនេះ នឹងនាំមកនូវភ្លៀងធ្លាក់កម្រិតពី៤០ទៅ៨០មីលីម៉ែត្រ ក្នុងរយៈពេល ១២ ម៉ោងបន្ទាប់។ ប្រជាពលរដ្ឋត្រូវបានជំរុញឱ្យបន្តការប្រុងប្រយ័ត្ន។
រដ្ឋបាលបានចេញកម្រិតព្រមានអំពីព្យុះទីហ្វុង ពណ៌លឿង និងភ្លៀងធ្លាក់ខ្លាំង ដែលជាកម្រិតខ្ពស់បំផុតទីបីនៅក្នុងប្រព័ន្ធប្រកាសអាសន្នចំនួនបួន ៕