រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពកូរ៉េខាងត្បូង លោក Yun Hojung បាននិយាយនៅថ្ងៃចន្ទ (២៩ កញ្ញា) នេះថា កូរ៉េខាងត្បូង បានស្ដារសេវាកម្មរដ្ឋាភិបាលចំនួន ៤៦សេវាឡើងវិញ បន្ទាប់ពីអគ្គិភ័យនៅមជ្ឈមណ្ឌលទិន្នន័យជាតិ បានរំខានដល់បណ្ដាញគេហទំព័រ និងសេវាកម្មសាធារណៈឌីជីថល។
លោក Yun បានប្រាប់សន្និសីទខ្លីមួយ ដោយលើកឡើងពីការស្ដារឡើងវិញនូវគេហទំព័រ Government24 ដ៏សំខាន់ថា "សេវាកម្មកំពុងតែស្ដារឡើងវិញជារៀងរាល់ម៉ោង"។ យោងតាមក្រសួងសុវត្ថិភាពបានឱ្យដឹងថា អង្គការជាច្រើនដែលរងផលប៉ះពាល់ដោយអគ្គិភ័យនោះរួមមាន គយកូរ៉េ ទីភ្នាក់ងារនគរបាលជាតិ និងទីភ្នាក់ងារអគ្គិភ័យជាតិជាដើម។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសន្យាថានឹងកែលម្អយ៉ាងសំខាន់នៅក្នុងសន្តិសុខនៃប្រព័ន្ធរដ្ឋបាលរបស់រដ្ឋាភិបាល បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយនោះ នៅឯសេវាធនធានព័ត៌មានជាតិនៅទីក្រុង Daejeon ដែលរំខានសេវាកម្មអនឡាញទូទាំងប្រទេស។
ក្រុមអ្នកស៊ើបអង្កេតសង្ស័យថា អគ្គិភ័យបានកើតឡើង បន្ទាប់ពីថ្មដែលផលិតដោយក្រុមហ៊ុន LG Energy Solution បានផ្ទុះ ក្នុងអំឡុងពេលថែទាំនៅយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយបំផ្លាញម៉ាស៊ីនមេមួយចំនួន និងបង្ខំឱ្យសេវារាប់រយបណ្ដាញត្រូវបិទ បន្ទាប់មកអគ្គិភ័យនោះត្រូវពន្លត់វិញនៅថ្ងៃបន្ទាប់។ ក្រុមហ៊ុន LG Energy Solution បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយនិយាយថា បញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕