សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងបង្កើនថវិកាទ្វេដង ដើម្បីជូនដល់អតីតយុទ្ធជន និងនិវត្តជនពោលគឺពី៤ពាន់លានរៀលទៅ៨ពាន់លានរៀល ដោយនឹងអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបង្កើនថវិកាពី៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅដល់៨ពាន់លានរៀលក្នុងមួយឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៥នេះ គឺរាជរដ្ឋាភិបាលបានត្រឹមតែបន្ថែមចំនួន ៥០០លានរៀលប៉ុណ្ណោះ ដើម្បីជួយសម្រាលទុកលំបាកដល់សមាគមអតីតយុទ្ធជន។
បើតាមសម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថាអតីតយុទ្ធជន និងនិវត្តជនក៏មានប្រាក់ ឧបត្ថម្ភជាច្រើនទៀតផងដែរ រួមទាំងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិជាដើម៕ អត្ថបទ៖ បាន ចក់





